​ប្រសិទ្ធភាព និង​គុណភាព​នៃ​​កំណែទម្រង់​ការ​ប្រឡង​ទុតិយភូមិ​ឆ្នាំ​សិក្សា​ថ្មី​នេះ


20140423_06a

​លោក​ ហង់ ជួន​ណារ៉ុន រដ្ឋ​មន្រ្តី​ក្រសួង​អប់រំ​ យុវជន និង​កីឡា។ រូប​ថត ភ្នំពេញ ប៉ុស្ដិ៍

ឆ្នាំ ណា​មិន​តឹង បែរ​ជា​មក​តឹង​នៅ​ឆ្នាំ​នេះ?»។ នេះ​ជា​ការ​សរសេរ​លេបខាយ​របស់​អ្នក​ប្រើ​ហ្វេសប៊ុក​មួយ​ចំនួន ស្ដីពី​ការ​រឹតបន្ដឹង​ការ​ប្រឡង​ទុតិយភូមិ​ឆ្នាំ​ថ្មី​នេះ​។ កន្លងមក គេ​ឃើញ​ថា ការ​បែកធ្លាយ [វិញ្ញាសា ប្រឡង​] ប្រ៊ីយ៉ុង ការ​លួចចម្លង និង​ការ​សូកប៉ាន់​បាន​ក្លាយ​ជា​ទម្លាប់​ដ៏​សាមញ្ញ​សម្រាប់​ការ​ប្រឡង មធ្យមសិក្សា​ថ្នាក់​ជាតិ​ទៅ​ហើយ ហើយ​ពាក្យ​«ប្រឡង»​បាក់​ឌុប​ត្រូវ​បាន​មតិ​មួយ​ចំនួន​ប្រែ​មក​ជា ពាក្យ«​ចម្លង»​បាក់​ឌុប​ទៅវិញ​។

ហេតុ​ដូចច្នេះ​ហើយ​ទើប​ថ្មីៗ​ក្រសួង អប់រំ យុវជន និង​កីឡា បាន​ប្រកាស​ដាក់​ចេញ​នូវ​នីតិវិធី​ក្នុង​ការ​ប្រឡង និង​បទប្បញ្ញត្ដិ​ថ្មី​ដែល​រហូត​ដល់​ការ​ដាក់​ទោសទណ្ឌ​ដល់​សិស្សានុសិស្ស ដែល​លួច​ចម្លង និង​ការ​សូកប៉ាន់​ក្នុង​អំឡុង​ពេល​ប្រឡង​ថែម​ទៀត​ផង​។

កញ្ញា សន ឆវីវត្ដី ជា​សិស្ស​ថ្នាក់​ទី​១២​នៃ​វិទ្យាល័យ​ជាស៊ីម​សន្ធរម៉ុក និង​ជា​សិស្ស​ពូកែ​អក្សរសាស្ដ្រ​ខ្មែរ​ប្រចាំ​រាជធានី ឲ្យ​ដឹង​ថា ឆ្នាំ​នេះ​ការ​ប្រឡង​មធ្យម​សិក្សា​ទុតិយភូមិ​ពិត​ជា​មាន​ការ​ផ្លាស់ប្ដូរ ទម្រង់​ស្ទើរតែ​១៨០​ដឺក្រេ​មែន​។ ប៉ុន្ដែ​កញ្ញា​យល់​ឃើញ​ថា វា​ក៏​ជា​ឱកាស​ល្អ​សម្រាប់​សិស្ស​ពូកែ និង​សិស្ស​ឧស្សាហ៍​រៀន​សូត្រ​ឲ្យ​ទទួល​បាន​ភាព​យុត្ដិធម៌​ពី​ការ​ប្រឡង នេះ និង​គុណភាព​អប់រំ​ក៏​ប្រសើរ​ផង​ដែរ​។

កញ្ញា ឆវីវត្ដី បាន​បន្ដ​ថា​៖ «​តាម​តែ​ខ្ញុំ​ដឹង ឆ្នាំ​នេះ​យើង​ប្រឡង​តែ​៧​មុខ​វិជ្ជា​ទេ ដូចជា គណិតវិទ្យា រូបវិទ្យា គីមីវិទ្យា ជីវវិទ្យា ភាសាខ្មែរ និង​ភាសា​អង់គ្លេស [​សម្រាប់​អ្នក​ជ្រើសរើស​វិទ្យាសាស្ដ្រ​ពិត​] ព្រម​ទាំ​ង​មុខ​វិជ្ជា​មួយ​ទៀត​ដែល​ក្រសួង​នឹង​ផ្ដល់​ឲ្យ​មុន​ពេល​ប្រឡង មួយ​ខែ​។ វិញ្ញាសា​មួយ​ចំនួន​នឹង​ត្រូវ​សរសេរ​លើ​ក្ដារខៀន​ដើម្បី​ចៀសវាង​ការ​ លួចបន្លំ ឬ​បែកធ្លាយ និង​ការ​សូកប៉ាន់​ក្នុង​ថ្នាក់​ជាដើម ហើយ​គ្រូ និង​សិស្ស​ប្រព្រឹត្ដ​ល្មើស​ត្រូវ​ជាប់​ទោសទណ្ឌ​តាម​ច្បាប់​»។

ទោះ​បី​ជា មាន​ការ​រឹតបន្ដឹង​ក្នុង​ពេល​ប្រឡង​យ៉ាង​ណា​ក៏ដោយ ក៏​កញ្ញា​បាន​អះអាង​ថា កញ្ញា​មិន​បារម្ភ​ទេ ពីព្រោះ​កញ្ញា​ជឿជាក់​លើ​សមត្ថភាព​របស់​ខ្លួនឯង ហើយ​ថា វា​ជា​ទង្វើ​លើក​ទឹកចិត្ដ​ដល់​សិស្សានុសិស្ស​ឲ្យ​ខិតខំ​រៀនសូត្រ​ជា ជាង​រង់ចាំ​តែ​បើក​ចាក់​។

ជា​សិស្ស​ថ្នាក់​ទី​១២​នៃ​វិទ្យាល័យ​បាក់ទូក កញ្ញា ម៉ែន សុធានិត បាន​គាំទ្រ​ចំពោះ​ការ​រឹតបន្ដឹង​នេះ​ដោយ​លើក​ឡើង​ថា វា​អាច​ជួយ​ឲ្យ​គុណភាព​អប់រំ​របស់​កម្ពុជា​មាន​ការ​ផ្លាស់ប្ដូរ​កាន់តែ ប្រសើរ​។ កញ្ញា​ជឿជាក់​ថា ក្រសួង​ពិតជា​អាច​ធ្វើ​កំណែទម្រង់​នេះ​បាន​សម្រេច​ដែល​ប្រកប​ដោយ ប្រសិទ្ធភាព​ខ្ពស់ ពីព្រោះ​កញ្ញា​សង្កេត​ឃើញ​ថា ក្រោយពី​មាន​ការ​ប្រកាស​ផ្លាស់ប្ដូរ​នេះ សិស្ស​ភាគច្រើន​បាន​ប្ដូរ​ឥរិយាបថ​របស់​ខ្លួន និង​ខិតខំ​សិក្សា​ជាង​មុន​។

កញ្ញា សុធានិត បាន​បន្ថែម​ថា៖ «ខ្ញុំ​អត់​មាន​ការ​ព្រួយបារម្ម​អ្វី​ឡើយ ព្រោះ​ខ្ញុំ​ជឿជាក់​លើ​សមត្ថភាព​ខ្លួនឯង តែ​អ្វី​ដែល​ខ្ញុំ​មិន​ទុក​ចិត្ដ​បំផុត​គឺ​ការ​សរសេរ​វិញ្ញាសា​នៅលើ ក្តារខៀន ដោយសារ​គ្រូ​ដែល​ចូល​មក​ត្រួតពិនិត្យ​មាន​ឯកទេស​ខុស​ពី​មុខវិជ្ជា ប្រឡង គាត់​អាច​សរសេរ ឬ​ពន្យល់​របៀប​ធ្វើ​លំហាត់​ខុស​ពី​របៀប​ដើម»។

យ៉ាង​ណា មិញ កញ្ញា​បាន​ឲ្យ​ដឹង​ថា៖ «​មិត្តភក្ដិ​ជាច្រើន​រអ៊ូរទាំ​ពី​ការ​ធ្វើ​កំណែទម្រង់​ថ្មី​នេះ ដោយ​ពួកគេ​ក៏​និយាយ​ថា វា​ភ្លាមៗ និង​តឹងតែង​ពេក​សម្រាប់​ជំនាន់​របស់​ពួកគេ ហើយ​ខ្លះ​ថា ពួកគេ​រៀន​មិនទាន់​ទេ និង​មិន​សូវ​ជឿ​លើ​ក្រសួង​ឡើយ​។ ប៉ុន្ដែ​ខ្ញុំ​សង្ឃឹម​ថា មិត្ត​ទាំងអស់​ដែល​នឹង​ត្រូវ​ប្រឡង​ជាមួយ​គ្នា​អាច​ធ្វើ​បាន គ្រាន់តែ​ខិតខំ​រៀន​បន្តិច និង​យក​ចិត្ត​ទុក​ដាក់​នៅពេល​រៀន​បន្តិច​ចាប់ពី​ពេល​ឥឡូវ​ទៅ»។

ពាក់ព័ន្ធ​នឹង​កំណែទម្រង់​នេះ លោក ហង់ ជួនណារ៉ុន រដ្ឋមន្រ្តី​ក្រសួង​អប់រំ​យុវជន និង​កីឡា បាន​ពន្យល់​ត្រួសៗ​ពី​កំណែទម្រង់​នៃ​ការ​ផ្លាស់ប្តូរ​របៀប​ប្រឡង ថ្នាក់​ទី​១២​ឆ្នាំ​នេះ​ថា៖ «ការ​ប្ដូរ​របៀប​ប្រឡង​នេះ យើង​ចង់​បាន​ស្តង់ដារ​មួយ​ដែល​អាច​ឆ្លើយតប​នឹង​តម្រូវការ​ការងារ​នា​ពេល បច្ទុប្បន្ន និង​ដើម្បី​ទទួល​បាន​នូវ​គុណភាព​មួយ​ដែល​សិស្សនិស្សិត​យើង​ក្រោយ​ពេល បញ្ចប់​ការ​សិក្សា​អាច​មាន​ចំណេះ និង​ជំនាញ​យក​ទៅ​ប្រើ​ការ​បាន»។

លោក បាន​បញ្ជាក់​ថា ការ​ដាក់​ទោសទណ្ឌ​ចំពោះ​ការ​ល្មើស​បទប្បញ្ញតិ​នានា​ក្នុង​ការ​ប្រឡង ក្រសួង​កំពុង​តែ​រៀបចំ​ផ្សព្វផ្សាយ​ច្បាប់​នោះ​ដោយ​យោងតាម​ក្រម​ច្បាប់ ដែល​បាន​ចែង​ក្នុង​បទប្បញ្ញតិ​របស់​ក្រសួង ព្រម​ទាំង​ការ​មើល​ទៅលើ​ការ​ចែង​ច្បាប់​របស់​អង្គភាព​ប្រឆាំង​អំពើ​ពុករលុយ តែ​ភាព​លម្អិត​នៃ​ការ​ដាក់​ទោសទណ្ឌ​មិន​ទាន់​បាន​បញ្ជាក់​ឲ្យ​បាន ច្បាស់​ទេ​នៅពេល​នេះ។

រីឯ អ្នកស្រី អុក ឆាយយ៉ាវី អនុប្រធាន​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ យល់​ឃើញ​ថា វិធានការ​រឹតបន្ដឹង​ការ​ប្រឡង​នេះ​គ្មាន​ឥទ្ធិពល​ដល់​កំណែទម្រង់ គុណភាព​អប់រំ​នៅ​កម្ពុជា​ឡើយ។ អ្នកស្រី​បាន​ពន្យល់​ប្រាប់​ពី​មូលហេតុ​ថា​៖ «​កំណែទម្រង់​លើក​នេះ ក្រសួង​ធ្វើ​ឡើង​ដើម្បី​តែ​ព្យាយាម​លាង​កំហុស​របស់​ខ្លួន និង​គ្រាន់តែ​ធ្វើឲ្យ​ល្អ​មើល​ប៉ុណ្ណោះ ពីព្រោះ​វិធានការ និង​យុទ្ធសាស្ដ្រ​របស់​ក្រសួង​មាន​ជា​រៀងរាល់​ឆ្នាំ តែ​ភាព​មិន​ប្រក្រតី​ជុំវិញ​ការ​ប្រឡង​នៅ​តែ​មាន​ដដែល​»។

អ្នកស្រី​មិន គាំទ្រ​ចំពោះ​ការ​ដាក់​ទោសទណ្ឌ​ដល់​គ្រូ និង​សិស្ស​នោះ​ទេ ដោយ​បាន​លើក​ឡើង​ថា​៖ «​ការ​ដាក់​ទោសទណ្ឌ​លើ​ការ​ប្រព្រឹត្ដ​ប្បញ្ញត្ដិ វា​មាន​ប្រសិទ្ធភាព​លើ​អ្នក​គ្មាន​អំណាច ទន់ខ្សោយ និង​ក្រីក្រ​ប៉ុណ្ណោះ ហើយ​បើ​ចង់​ចាប់​អ្នក​ប្រព្រឹត្ដ​អំពើ​ពុករលួយ​មែន វា​គួរ​តែ​ធ្វើ​ចំពោះ​មន្ដ្រី​ធំៗ និង​អ្នក​មាន​អំណាច​វិញ​ទើប​ត្រូវ​»។

អ្នកស្រី​បាន រៀបរាប់​ពី​វិធានការ​លុប​បំបាត់​អំពើ​មិន​ប្រក្រតី​នា​ពេល​ប្រឡង និង​ពង្រឹង​គុណភាព​អប់រំ​នៅ​កម្ពុជា​ថា៖ «​នៅ​ពេល​ណា​ដែល​គ្រូបង្រៀន​មាន​តម្លៃ​ក្នុង​សង្គម ពួកគាត់​មាន​តម្លៃ​ក្នុង​ការ​អប់រំ តែ​បើ​ឲ្យ​ពួកគាត់​រស់​អត់​តម្លៃ តើ​ឲ្យ​តម្លៃ​លើ​វិស័យ​អប់រំ​យ៉ាង​ដូចម្ដេច​?​»។

អ្នកស្រី​បាន​សំណូមពរ​ថា​៖ «​ក្រសួង​អប់រំ​គួរ​តែ​មាន​គោលការណ៍​ច្បាស់លាស់​លើ​ផែនការ យុទ្ធសាស្ដ្រ​របស់​ខ្លួន និង​ផ្ដល់​ព័ត៌មាន​ដល់​សមាគម​គ្រូបង្រៀន​ឲ្យ​បាន​រហ័ស និង​យក​ចិត្ដ​ទុក​ដាក់​ឲ្យ​បាន​ខ្ពស់​លើ​ប្រាក់​បៀវត្សរ៍​របស់​គ្រូបង្រៀន​ ដែល​សមស្រប​នឹង​តម្លៃ​ទំនិញ​លើ​ទីផ្សារ​»។

ឆ្លើយតប​នឹង​មតិ ខាង​លើ លោក​រដ្ឋមន្ដ្រី​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​លើក​ឡើង​ថា ការ​ប្រឡង​ដ៏​តឹងតែង​របៀប​នេះ​នឹង​ធានា​បាន​នូវ​តម្លាភាព និង​គុណភាព​អប់រំ​។ លោក​បាន​លើក​ឡើង​ថា​៖ «​ការ​ប្រឡង​នេះ មិនមែន​ក្រសួង​ធ្វើ​ឡើង​ដើម្បី​ប្រយោជន៍​ខ្លួន​ឯង​នោះ​ទេ គឺ​ធ្វើ​ដើម្បី​សិស្សានុសិស្ស​ទាំងអស់​ឲ្យ​មាន​គុណភាព និង​សមត្ថភាព ព្រម​ទាំង​ដើម្បី​លុបបំបាត់​ភាព​មិន​ប្រក្រតី​ក្នុង​ពេល​ប្រឡង​ដែល​កើត​មាន កន្លង​មក​»។

លោក​បន្ដ​ថា៖ «ក្រសួង​ក៏​ព្យាយាម​ស្វែងយល់​ពី​សិស្ស​វិញ​ដែរ ទើប​យើង​កាត់​នូវ​មុខវិជ្ជា​មួយ​ចំនួន​ដើម្បី​ផ្ដល់​ឱកាស និង​ពេលវេលា​គ្រប់គ្រាន់​ដល់​ពួកគេ​រៀបចំ​មេរៀន និង​អនុវត្ដ​វា​បាន​ស្ទាត់​មុន​ពេល​ប្រឡង​ថ្នាក់​ជាតិ​»។

ចុងក្រោយ លោក ហង់ ជួនណារ៉ុន បាន​ផ្តាំផ្ញើ​ថា៖ «​ខ្ញុំ​សង្ឃឹម​ថា ក្មួយៗ​សិស្សានុសិស្ស​ទាំងអស់​នឹង​ខិតខំ​ពង្រឹង​សមត្ថភាព​របស់​ខ្លួន ដោយ​រៀនសូត្រ​ជា​ប្រចាំ គ្រប់គ្រង​ពេលវេលា​សិក្សា​ឲ្យ​បាន​ល្អ អាន​ឲ្យ​ច្រើន មើល​ឲ្យ​ច្រើន និង​ត្រូវ​ចេះ​ជ្រើសរើស​មុខ​វិជ្ជា​ដែល​ខ្លួនឯង​ចូលចិត្ត រួច​រៀន​វា​ឲ្យ​បាន​ច្បាស់​ទើប​អាច​ចាប់​យក​ចំណេះ និង​ជំនាញ​មួយ​ពិតប្រាកដ​បាន»៕

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s