មហា​ចោរ​នៅ​ទល់ដែន


នៅ ​ចន្លោះឆ្នាំ ១៩៥២ ១៩៥៦ ស្នាដៃ​អក្សរ​សិល្ប៍​ខ្មែរ​បាន​ផុស​ឡើង​ព្រោង​ព្រៀតប្រលោម​លោក​ខ្មែរ​ត្រូវ​ បាន​គេ​និយម​ច្រើន​ទៅ​ៗ​តាំង​ពី​ពេល​នោះ​មក​ដែរ គឺនៅ​សម័យ​នោះ​ហើយ​ដែល​លោក សាង សាវាត បាន​និពន្ធ​រឿង​មហា​ចោរ​នៅ​ទល់​ដែន​ បោះ​ពុម្ព​ផ្សាយជា​លើក​​ដំបូង​បង្អស់​នៅ​ក្នុង​ឆ្នាំ ១៩៥៥។ រឿង​មហា​ចោរ​នៅ​ទល់​ដែន​នេះ ​លើក​ឡើង​អំពី​វីរៈ​ភាព​របស់​មេ​ទ័ព​ម្នាក់​ឈ្មោះ​ មានន្ទ កាល​ពី​ឆ្នាំ​ ១៨៦៥ គឺជំនាន់​សៀមប៉ុនប៉ង​យក​ទឹក​ដី​ខ្មែរ មានន្ទ ជា​កូន​អ្នក​គ្រប់​គ្រង​ខេត្ត​សិរីសោភ័ណ​ម្នាក់​ដែល​គេ​ឲ្យ​ឈ្មោះ​ថា ព្រះកំពុត ព្រះកំពុត ដែល​ចូល​ដៃ​ជា​នឹង​សៀម​ហើយ​ដែល​កាន់​អំណាច​ផ្តាច់​ការ​នៅ​ក្នុង​ខេត្ត​នោះ។ មានន្ទ ចាប់​ចិត្ត​ស្នេហា​ទៅ​លើ​នាង​ ទេវី ដែល​​ជា​កូន​ស្រី​របស់​អ្នក​ស្នេហា​ជាតិ​ម្នាក់​ឈ្មោះ​ វិសេសក្លាហាន​ ពោល​គឺ​សត្រូវ​របស់​ព្រះ​កំពុត ។ នៅ​ក្នុង​រាត្រី​មួយ​បន្ទាប់​ពី​បាន​ដឹង​ថា​ទេវី​ជា​កូន​ស្រី​បាន​លបលួច​ទៅ​ ជួប​មានន្ទ វិសេស​ ក្លាហាន​ បាន​ចាប់​បង្ខំ​ឲ្យ​គូរ​ស្នេហ៍​ទាំង​ពីរ​រៀប​ការ​ទាំង​កណ្តាល​រាត្រី​ រៀប​ការ​កូន​ស្រី​រួច​ហើយ​វិសេស​ក្លាហាន​ក៏​ដាច់​ខ្យល់​ស្លាប់​បាត់​ទៅ។ មានន្ទ​មាន​ប្អូន​ប្រុស​ម្នាក់​ឈ្មោះ​កាមាដែលពូកែ​ខាង​សិល្ប៍​សាស្រ្ត​ដូច​ គ្នា​ប៉ុន្តែ​ដែល​មាន​ចិត្ត​ឃោរឃៅ កាមា​ក៏​ចាប់​​ចិត្ត​ប្រតិព័ត្ត​ទៅ​លើ​រូប​នាង​ទេវីដែរ ពេល​មានន្ទ​ចេញ​ទៅ​ធ្វើ​ប្រតិបត្តិ​ការណ៍​សឹក កាមា​បាន​ទៅ​ចែចង់​នាង​ទេវី​ប៉ុន្តែ​​ពុំ​បាន​សម្រេច ទោះ​បី​នាង​ទេវី​មាន​គត៌​ពោរពោះ​ទៅ​ហើយ​ក្តី​ ក៏​កាមា​​នៅ​តែ​មក​សាក​ល្បង​បណ្តាច​ចំណង​ស្នេហា​រវាង​នាង​ទេវីនឹង​មានន្ទ​ ជារឿយ​ៗ​ដែរ។

មានន្ទ ​ចេញ​ទៅ​ច្បាំង​រាប់​ខែ​មិន​ឃើញ​វិល​មក​វិញ​សោះ​ នាង​ទេវី​រង​ចាំ​ដោយ​ក្តី​អស់​សង្ឃឹម​ប៉ុ​ន្តែ​នៅ​តែ​រក្សា​ការ​ស្មោះ​ត្រង់ ​ជា​​និច្ច​ចំពោះ​មានន្ទ នាង​សម្រាល​កូន​ស្រី​មួយ​នៅ​ក្នុង​ភាព​ឯកឯងនៅ​ក្នុង​ភាព​កំសត់​ពន់​ពេក​ក្រៃ ​ នាងឲ្យ​ឈ្មោះ​កូន​នោះ​ថា បុទុម​។ ថ្ងៃ​មួយ​នាង​បាន​ដឹង​ថា​មានន្ទ​ជា​ប្តី​បាន​ត្រឡប់​មក​វិញ នៅ​ពេល​នោះ​កាមា​បាន​ចាប់​បុទុម​ធ្វើ​ជា​ថ្នូរ​​ហើយ​បង្ខំ​ឲ្យ​នាង​មិន​ និយាយ​រក​​មានន្ទ​អ្វី​ទាំង​អស់​ បើ​ពុំ​ធ្វើ​តាម​ទេ​កាមា​នឹង​សម្លាប់​កូន​នាង​ចោល។ នាង​ទេវី​គ្មាន​ជម្រើស​អ្វី​ទៀត​ក្រៅពី​ធ្វើ​តាម​កាមា​ទេ បន្ទាប់​ពី​ឆាក​ល្ខោន​ដ៏​គួរ​ឲ្យ​សង្វេគ​នេះ មានន្ទ​ខឹង​នឹង​ប្រពន្ធ​យ៉ាង​ខ្លាំង​ហើយ​ក៏​រត់​ចេញ​ពី​ផ្ទះ​បាត់​ទៅ។ កាមា​ស្វែង​​ជួប​នឹង​មានន្ទ​ជាបង​ហើយ​អ្នក​ទាំង​ពីរ​ក៏​ប្រយុទ្ធ​គ្នា​ ស្លាប់​រស់ នៅ​ទី​បំផុត​កាមា​ត្រូវ​របួស​ជា​ទម្ង​ន់ កាល​បើ​បាន​ស្តាប់​ពាក្យញុះញង់​ថា​មានន្ទ​ចង់​សម្លាប់​កាមា​ជា​ប្អូន ព្រះ​កំពុតក៏​ឲ្យ​គេ​ដេញ​រក​ចាប់​មានន្ទ ទោះ​បី​មានន្ទ​មាន​ប្រជា​នុ​​រាស្រ្តនិង​មិត្ត​ភ័ក្តិ​ស្រឡាញ់​រាប់​អាន​ ច្រើន​យ៉ាង​ណា​ក្តី ក៏​នៅ​ទី​បំផុត​ត្រូវ​និលពេជ្រ​មេទ័ព​ម្នាក់របស់​ពួក​ព្រះ​កំពុត​ចាប់​បាន​ ហើយ​យក​ទៅ​ដាក់​គុក​ឲ្យ​ធ្វើ​ការ​​ជា​ទម្ងន់​យ៉ាង​វេទនា​​ទាំង​ផ្លូវ​កាយ​ ទាំង​ផ្លូវ​ចិត្ត​ សូម្បី​តែ​នាង​ខត្ដិយានីយ៍​ កូន​ស្រី​ព្រះ​ចៅ​នៃ​ទីក្រុង​អយុធ្យា​ដែល​ធ្លាប់​ស្រឡាញ់​រាប់​អាន​តាំង​ពី​ តូច​ក្រូច​ឆ្មា​មក​ក៏​ជួយ​មិន​បាន​ដែរ​ ព្រោះ​នាង​ទាម​ទារ​ឲ្យ​មានន្ទ​ស្រឡាញ់​នាង​ផង​ហើយ​បម្រើ​ផល​ប្រយោជន៍​សៀម​ផង ​ នៅ​ទី​បំផុតអ្នក​ដែល​គាំ​ទ្រ​បុព្វ​ហេតុ​ស្នេហា​ជាតិ​ខ្មែរ​បាន​រំដោះ​ មានន្ទ​ចេញ​ពី​គុក​បាន​ហើយមានន្ទ​ថែម​ទាំង​ចាប់​យក​នាង​ខត្ដិយានីយ៍​ធ្វើ​ជា ​ថ្នូរថែម​ទៀត មានន្ទ​បាន​បង្ក​ទ័ព​វាយ​រំលំព្រះ​កំពុត​ជា​ឪពុក។ បន្ទាប់​ពី​បាន​ជួប​ការ​លំបាក់​លំបិន​ជាច្រើន ជា​ពិសេស​ការ​ក្បត់​របស់​នាយ​បំរុង​ដែល​ចាញ់​​ការ​បោក​បញ្ឆោត​លួង​លោម​​របស់ ​នាង​ខត្ដិយានីយ៍។​ អ្នក​តស៊ូ​រំដោះ​ជាតិ​ក្រោម​ការ​ដឹក​នាំរបស់​មានន្ទ​នឹង​មិត្ត​របស់​មានន្ទ​ ដ៏​ចំណាប់​ៗ​មួយ​ចំនួន​ដូច​ជា​ វីរ នាយ​កោប អារុណ មហាកាល ស្រទុំ ស្បៃ​វែង​ ជាដើម ក៏បាន​យក​ឈ្នះ​ទៅ​លើ​ពួក​ព្រះ​កំពុត​​នឹង​កាមា​ហើយ​រំដោះ​អាណា​ខែត្រ​ខេត្ត​ សិរីសោភ័ណ​បាន​ដោយ​សុវត្ថិភាព។

មហា​ចោរ​នៅ​ទល់ដែន​នេះ ​ជារឿង​របស់​អ្នក​ស្នេហា​ជាតិ​ដ៏​ក្លាហាន​មួយ​ក្រុម​ដែល​បាន​ពលី​គ្រប់​បែប​ យ៉ាង​ គឺ​ពលី​ទាំង​ស្នេហា​ទាំង​គ្រួសារ​ដើម្បី​បុព្វ​ហេតុ​របស់​ជាតិ​ខ្មែរ កិច្ច​ការ​ដ៏​ធំ​នេះ​បាន​សម្រេច​ក៏​ដោយ​សារ​តែ​ស្មារតី​ស្នេហា​ជាតិ​របស់​ គ្រួសារ​ខ្មែរ​មួយ​ចំនួន​ដែរ​ដូចជា​ឧត្តម​នឹង​នាង​យីហុប​ជា​ប្រពន្ធ ឧដុង​នឹង​នាង​មាលា​ជា​កូន​ស្រី​ជាដើម ។ អ្វី​ដែល​អ្នក​និពន្ធ​ចង់​ប្រាប់​យើង​គឺ​ជ័យ​ជំនះ​របស់​ឧត្តម​គតិ​ទៅ​លើ​ សេចក្តី​ស្នេហា​ ទោះ​ជា​ស្នេហា​នោះ​មាន​ទំហំ​ធំ​ប៉ុណ្ណា​ក៏ដោយ ហើយ​ក៏​ជា​ជ័យ​ជំនះ​ទៅ​លើ​រាល់​ការ​ស្រើប​ស្រាល​គ្រប់​បែប​យ៉ាង​ជា​ពិសេស​ ជ័យ​ជំនះ​ទៅ​លើ​សេចក្តី​ក្លាហាន​​នៃ​ការ​ប្តេជ្ញា​ចិត្ត​នៃ​ការស្មោះ​ត្រង់​ ទៅ​លើ​កម្លាំង​​មួយ​ដ៏​ខ្លាំង​​មហិមារ​តែ​ពោរ​ពេញ​ទៅ​ដោយ​អំពើ​ឃោរ​ឃៅ​អំពើ​ អយុត្តិធម៌​។ អ្នក​និពន្ធ​មាន​ទឹក​ដៃប៉ិនប្រសព្វ​ក្នុង​ការ​បង្ហាញ​រឿង​និង​ក្នុង​ការ​ ប្រើ​ភាសា​ខ្មែរ ។

រឿង​មហា​ចោរ​នៅ​ទល់​ដែន​ នេះ​ជា​ប្រលោម​លោក​ដែល​លើក​តម្កើង​វីរៈភាព​ក៏​ពិត​មែន​ប៉ុន្តែ​មិន​មែន​ជា​ វីរៈ​សម្រាប់​បម្រើ​អ្នក​មាន​អំណាច​ជិះ​ជាន់​​គេ​ឯង​អ្វី​ទេ តែ​គឺ​ជា​វីរៈ​ភាព​ដែល​បម្រើ​និង​កាពារ​អ្នក​ទន់​ខ្សោយ​ អ្នក​គ្មាន​បង្អែក​ក្នុង​ជីវិត​ ជា​ពិសេស​កាពារ​ប្រជាជាតិ​ដែល​ស្ថិត​នៅ​ក្រោម​ការ​គំរាម​កំហែង​មួយ​ប្រកប​ទៅ ​ដោយ​គ្រោះ​ថ្នាក់ ៕

http://llundi.files.wordpress.com/2013/02/e19e9ae19ebfe19e84e19e98e19ea0e19eb6e19e85e19f84e19e9ae19e93e19f85e19e91e19e9be19f8be19e8ae19f82e19e93.jpg

ដកស្រង់ពី   http://llundi.wordpress.com

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s