Background Danh Hong (below), you create a Unicode font


នៅ​ក្នុង​មេរៀន​រៀបរាប់​ពី​ការ Edit ពុម្ព​អក្សរ​យូនីកូដ​ខ្មែរ​នេះ ខ្ញុំ​សូម​​ដកស្រង់​​យក​អត្ថបទ​​ខាង​គេហទំព័រ​សប្បាយ ដែល​មាន​ចំណងជើង​ថា “ដាញ់ ហុង​ ចាកចោល​ស្រុកកំណើត ដោយ​សារ​​ពុម្ពអក្សរ​ខ្មែរ” ​​ដើម្បី​ណែនាំ​ឲ្យ​​ស្គាល់​ពី​អ្នក​បង្កើត​ពុម្ព​អក្សរ​យូនីកូដ​ខ្មែរ​គឺ​លោក ដាញ់ ហុង មុន​នឹង​ស្វែងយល់​ពី​គន្លឹះ​ដទៃៗ​ទៀត។

អត្ថបទ​របស់​សប្បាយ ៖ តើ​បងប្អូន​ដែល​កំពុង​ប្រើប្រាស់​ពុម្ព​អក្សរ​យូនីកូដ​ខ្មែរ​សព្វ​ថ្ងៃ​នេះ ធ្លាប់​ឆ្ងល់​ទេ​ថា​តើ​នរណា​ជា​អ្នក​បង្កើត? គេ​នោះ​ឈ្មោះ​អ្វី? អាយុ​ប៉ុន្មាន? រយៈពេល​ប៉ុន្មាន​ទម្រាំ​គេ​អាច​សម្រេច​បាន​សមិទ្ធផល​ទាំង​នេះ? គេ​ត្រូវ​មាន​ជំនាញ​អ្វី​ខ្លះ? ត្រូវ​ចំណាយ​ពេល​ប៉ុន្មាន​ម៉ោង​ក្នុង​មួយ​ថ្ងៃ​ក្នុង​ការ​អង្គុយ​ស្រាវជ្រាវ?

ក្នុង​ទំព័រ​បណ្ដុំ​ប្រវត្តិ​បច្ចេកវិទ្យា​លេខ​នេះ Sabay សូម​គាស់​កកាយ​លាត​ត្រដាង​ខ្សែ​ជីវិត​ពិត​របស់​ស្ថាបនិក ព្រម​ទាំង​ជា​អ្នក​រចនា​ពុម្ព​អក្សរ​យូនីកូដ​ខ្មែរ​យក​មក​បង្ហាញ​ជូន​អ្នក​ទាំង​អស់​គ្នា ថា​តើ​គាត់​តស៊ូ​បែប​ណា​ខ្លះ ទើប​សម្រេច​បាន​សមិទ្ធផល​បែប​នេះ?

៙ ប្រវត្តិ​សង្ខេប : លោក ដាញ់ ហុង ៖

ផ្ទះ​របស់​លោក​ដាញ់ ហុង​នៅ​ខេត្ត ពល្លាវ ទឹក​ដី​កម្ពុជា​ក្រោម

លោក​ពូ បាញ់ ហុង មាន​សញ្ជាតិ​ខ្មែរ ជា​ខ្មែរ​កម្ពុជា​ក្រោម ចាប់កំណើត​ក្នុង​គ្រួសារ​កសិករ​នៅ​ខេត្ត ពល្លាវ លើ​ទឹកដី​កម្ពុជា​ក្រោម​នៅ​ឆ្នាំ ១៩៧២។

សមាជិក​គ្រួសារ ៖ ចំនួន​សមាជិក​ក្នុង​គ្រួសារ​របស់​លោក​ពូ​ហុង ទាំងអស់​មាន​ចំនួន ៩ នាក់។ លោក​ពូ ហុង ជា​កូន​ទី ៥ ក្នុង​ចំណោម​បងប្អូន​ចំនួន ៧ នាក់ ដែល​ក្នុង​នោះ​មាន ប្រុស ៤ ស្រី ៣។ រហូត​មក​ដល់​ពេល​នេះ ឪពុក​របស់​លោក មាន​វ័យ ៨២ ឆ្នាំ​ហើយ ហើយ​នៅ​តែ​បន្ត​របរ​ស្រែ​ចម្ការ​ដដែល។

៨ខែ បាត់​មុខ​ម៉ែ ៖ ក្រោយ​ពេល​លោក​ពូ ដាញ់ ហុង ចាប់​កំណើត​បាន​អាយុ ៨ ខែ លើ​ទឹក​ដី​ខេត្ត​ ពល្លាវ ដែល​ជា​តំបន់​ដាច់ស្រយាល​ ម្ដាយ​របស់​គេ​ក៏​ស្លាប់​ក្នុង​អំឡុង​សង្គ្រាម​អាមេរិក-វៀតណាម។ ចាប់ពី​ពេល​នោះ​មក​ បន្ទុក​ថែទាំ​ទារក ការ​ចិញ្ចឹម​បីបាច់​ថែរក្សា​ទាំង​ស្រុង ត្រូវ​បាន​ធ្លាក់​ទៅ​លើ​ឪពុក​របស់​គាត់​ជា​អ្នក​រ៉ាប់រង។

៙ ប្រវត្តិ​សិក្សា ៖

បើ​ទោះបីជា​សង្គ្រាម​រាតត្បាត​យ៉ាងណា​ក៏​ដោយ ក៏​ឪពុក​របស់​គាត់​បាន​បំពេញ​តួនាទី​យ៉ាង​ល្អ​ក្នុង​ការ​បីបាច់​ថែរក្សា​ឲ្យ​កូន​ប្រុស​ដែល​បាត់បង់​ម្ដាយ​ធំធាត់។

បឋមសិក្សា ៖ ឈាន​ចូល​អាយុ​ប្រហែល ៨ ឆ្នាំ លោក​ពូ​ហុង​ក៏​បាន​ចូល​រៀន​ថា្នក់​ទី​១ ក្នុង​សាលា​បឋម​សិក្សា បាហៀង។ សម្រាប់​ថ្នាក់​បឋម​សិក្សា​នៅ​ប្រទេស​វៀតណាម​គេ​សិក្សា​ត្រឹម​តែ ៥ ឆ្នាំ​ប៉ុណ្ណោះ គឺ​ចាប់​ពី​ថ្នាក់​ទី ១ ដល់ ថ្នាក់​ទី ៥។

ដើរ​រាល់ថ្ងៃ ៖ ជា​រៀងរាល់​ថ្ងៃ សិស្ស​កម្រិត​បឋមសិក្សា ដាញ់ ហុង ត្រូវ​ចំណាយ​ពេល​វេលា​ដើរ​ទៅ​សាលា​ប្រមាណ​ជា​ពីរ​គីឡូម៉ែត្រ។

ទៅ​រៀន​ផង​ហាត់ប្រាណ​ផង ៖ ថ្វីត្បិតតែ​ទៅ​សាលា​ដោយ​ថ្មើរជើង​ក៏​លោក​ពូ​ហុង មិន​អាក់អន់ស្រពន់ចិត្ត​អ្វី​ដែរ។ មិនតែប៉ុណ្ណោះ​គេ​បែរជា​មាន​គំនិត​ ក្រើនរំលឹក​ខ្លួនឯង​យ៉ាង​ដូច្នេះ​ទៅ​វិញ​ថា បាន​ទៅ​រៀន​ហើយ ឆ្លៀតពេល​ហាត់ប្រាណ​ដើម្បី​សុខភាព​ទៀត។

អនុវិទ្យាល័យ​ដែលលោក ​ដាញ់ ហុង ​បាន​រៀន​(រូប​បច្ចុប្បន្ន)

អនុវិទ្យាល័យ ៖ ចប់​ថ្នាក់​ទី ៥ កម្រិត​បឋមសិក្សា ដាញ់ ហុង ចាប់​ផ្ដើម​បន្ត​ការ​សិក្សា​កម្រិត​អនុវិទ្យាល័យ​ថ្នាក់​ទី ៦។ អនុវិទ្យាល័យ និង​វិទ្យាល័យ​ដែល​លោក​ពូ​ហុង បន្ត​ការ​សិក្សា​នេះ​ស្ថិត​នៅ​ឆ្ងាយ​ពី​ផ្ទះ​បន្តិច​ដែល ស្ថិត​នៅ​ស្រុក​មួយ​ផ្សេង​ទៀត​គឺ​ស្រុក ឡាំងយឿ ។

វិទ្យាល័យ ៖ ប្រលង​បញ្ចប់​មធ្យម​សិក្សា​ទុតិយភូមិ​នៅ​ឆ្នាំ ១៩៩១។

ក្រោយ​បាក់ឌុប​កាន់តែ​ឆ្ងាយ ៖ ក្រោយ​ពី​ប្រលង​បញ្ចប់​សញ្ញាប័ត្រ​បាក់​ឌុប​នៅ​ឆ្នាំ ១៩៩១ ហុង ត្រូវ​ទៅ​បន្ត​ការ​សិក្សា​កម្រិត​បរិញ្ញាបត្រ​នៅ​សាកលវិទ្យាល័យ​ច្បាប់ ស្ថិត​នៅ​ទីក្រុង​ព្រៃ​នគរ (អតីត) ដែល​បច្ចុប្បន្ន​មាន​ឈ្មោះ​ថា ទីក្រុង​ហូជីមិញ។ ការ​ចាកចេញ​ពី​ស្រុកកំណើត​មក​បន្ត​កម្រិត​សិក្សា​នេះ ដោយសារតែ​ កាលណោះ​រដ្ឋាភិបាល​វៀតណាម​ផ្ដល់​អាហារូបករណ៍​មួយ​ឆ្នាំ សម្រាប់​វគ្គ​រៀន​ត្រៀម​ប្រលង​អាហារូបករណ៍​ថ្នាក់​បរិញ្ញាបត្រ​ជា​បន្ត​នៅ​ឆ្នាំ ១៩៩២។

អ្នក​មាន​សមត្ថភាព ឱកាស​នៅ​តែ​មាន ៖ អាហារូបករណ៍​ដែល​រដ្ឋ​ផ្ដល់​ឲ្យ​នោះ មិនមែន​តែ​ឆ្នាំ​ត្រៀម​នោះ​ទេ។ ប្រសិនបើ​សិស្ស​ដែល​មាន​សមត្ថភាព និង​លទ្ធភាព​ប្រលង​ជាប់​នោះ​ នឹង​ទទួល​បាន​អាហារូបករណ៍​ពេញ​ប្រាំ​ឆ្នាំ​តែ​ម្ដង (ពី​មុន​ថ្នាក់​បរិញ្ញាបត្រ​នៅ​វៀតណាម​រៀន ៥ ឆ្នាំ)។ ក្នុង​នោះ​ដែរ បញ្ជី​ឈ្មោះ​បេក្ខភាព​សិស្ស​ដែល​ប្រលង​ជាប់​ក៏​មាន​ឈ្មោះ​លោក ដាញ់ ហុង ម្នាក់​ដែរ។

បរិញ្ញាបត្រ​មិនមែន IT ៖ ពេល​ប្រលង​ចូលរៀន​ថ្នាក់​បរិញ្ញាបត្រ​លោក​ពូ ហុង បាន​ចាប់​ជំនាញ​ច្បាប់ មិនមែន​រៀន​ជំនាញ IT ទេ។ នេះ​ដោយសារ​តែ គេ​ស្រលាញ់​ និង​ចង់​ធ្វើការ​ជំនាញ​ច្បាប់ មិន​ដែល​គិត​ចង់​បម្រើ​ការ​ងារ​ផ្នែក​កុំព្យូទ័រ​ម្ដង​ណា​ឡើង។ សាកលវិទ្យាល័យ​ដែល​លោក​ពូ ហុង ប្រលង​ជាប់ និង​ត្រូវ​រៀន​បន្ត​នៅ​ទី​ក្រុង​ហូជីមិញ​នេះ មាន​ឈ្មោះ​ថា សាកលវិទ្យាល័យ​ច្បាប់ ។ ប្រាំមួយ​ឆ្នាំ​ក្នុង​ការ​ចាប់យក​ជំនាញ​ គេ​ក៏​បាន​បញ្ចប់​បរិញ្ញាបត្រ​ច្បាប់​នៅ​ឆ្នាំ ១៩៩៧។

៙ អាជីព៖

គ្រាន់តែ​ចាប់អារម្មណ៍ តែ​ស្រលាញ់​ច្បាប់​ដដែល ៖ កាល​ពី​នៅ​ជា​និស្សិត​ឆ្នាំ​ទី​មួយ​ផ្នែក​ច្បាប់​ឆ្នាំ ១៩៩២ មាន​ក្រុមហ៊ុន​វៀតណាម​មួយ ដែល​មាន​ឈ្មោះ​ថា CINOTEC ដែល​ជា​ក្រុមហ៊ុន​ធ្វើ Font ខ្មែរ យក​មក​លក់​ស្រុក​ខ្មែរ។ ចាប់តាំង​ព​ពេល​នោះ​មក​ហុង ក៏​ចាប់អារម្មណ៍​ក្នុង​ការ​រចនា Font (ពុម្ព​អក្សរ) ដែរ ប៉ុន្តែ​កាលនោះ​អត់​ទាន់​ធ្វើ​អ្វី​លេច​ចេញ​ជា​រូបរាង​នោះ​ទេ គ្រាន់​តែ​ព្យាយាម​ស្វែងយល់​បន្ថែម ខណៈ​នៅ​តែ​ស្រលាញ់​ជំនាញ​ច្បាប់​របស់​គេ​ដដែល។

ឆ្លៀត​បង្រៀន​ក្មេងៗ ៖ ពេល​ជាប់​ឈ្មោះ​ជា​និស្សិត​នៅ​ឡើយ លោក​ពូ ហុង តែង​តែ​ឆ្លៀត​ពេល​ទំនេរ​របស់​គេ​ទៅ​បង្រៀន​កូនចៅ​របស់​អ្នក​ដែល​មាន​លំនៅឋាន​ក្បែរ​ៗ​សាកលវិទ្យាល័យ​ដែល​គាត់​កំពុង​រៀន ដើម្បី​បន្ធូរ​និង​ផ្គត់ផ្គង់​ការ​ចំណាយ​ផ្សេងៗ។

ការងារ​ពិតប្រាកដ ៖ រៀន​ចប់​បរិញ្ញាបត្រ​ឆ្នាំ ១៩៩៧ លោក ដាញ់ ហុង ក៏​ប្រលង​ជាប់​ចូល​បម្រើ​ការងារ​ជំនាញ​ច្បាប់​ក្នុង​ស្ថាប័ន​រដ្ឋ​វៀតណាម​មួយ​ដែល​មាន​ឈ្មោះ​ថា គណៈកម្មការ​ជនជាតិ​និង​តំបន់​ភ្នំ​របស់​រដ្ឋាភិបាល (ស្មើ​នឹង​ក្រសួង​ស្រុក​ខ្មែរ) នៅ​ទីក្រុង​ព្រែក​ឫស្សី (អតីត) ដែល​បច្ចុប្បន្ន​មាន​ឈ្មោះ​ថា ទីក្រុង​កឹងធើ។

ទទួល​គម្រោង​ក្រៅ​ម៉ោង ៖ ទន្ទឹម​គ្នា​នេះ​ដែរ ដោយ​មើល​ឃើញ​ពី​សមត្ថភាព​របស់​លោក​ពូ​ហុង ខាង​សាកលវិទ្យាល័យ​ក៏​បាន​ទាក់​ទង​គាត់ ឲ្យ​ធ្វើ​​វចនានុក្រម​វៀតណាម-ខ្មែរ ព្រោះ​និស្សិត​ខ្មែរ​យើង​ទៅ​សិក្សា​នៅ​ប្រទេស​វៀតណាម​មាន​ចំនួន​ច្រើន ទើប​នាំ​ឲ្យ​ក្រសួង​អប់រំ​វៀតណាម​គិតគូរ​ក្នុង​ការ​រៀបចំ​ឲ្យ​មាន​វចនានុក្រម​ពហុជាតិ​សាសន៍​នេះ​ឡើង។ រហូត​មក​ដល់​បច្ចុប្បន្ន វចនានុក្រម​ដែល​ក្រុម​របស់​លោក​ដែល​មាន​គ្នា​បួន​នាក់​របស់​លោក​ នៅ​តែ​ក្រសួង​អប់រំ​វៀតណាម​ប្រើប្រាស់។

វត្តមាន​លើ​ទឹកដី​កម្ពុជា ៖ លោក​បាន​ទទួល​ព័ត៌មាន​តាម​ប្រព័ន្ធ​អ៊ីនធឺណិត ក្នុង​ការ​រើស​បុគ្គលិក​ផ្នែក​រចនា​ និង​បង្កើត​អក្សរ​របស់​មជ្ឈមណ្ឌល​ខេមរៈ​សិក្សា ​របស់​អាមេរិក​ប្រចាំ​នៅ​ខេត្ត​សៀមរាប។ រយៈពេល​បី​ឆ្នាំ ចាប់​ពី​ឆ្នាំ ២០០០ ដល់​ឆ្នាំ ២០០៣​ដែល​បម្រើ​ការ​នៅ​ទី​នោះ​លោក​ស្នាក់​នៅ​ផ្ទះ​ជួល។

ប្ដូរ​ពី​សៀមរាប មក​ភ្នំពេញ ៖ រយៈ​ពេល​ធ្វើការ​នៅ​សៀមរាប លោក​បាន​ស្គាល់​ជាមួយ​បុរស​ជនជាតិ​អេស្ប៉ាញ​​កម្រិត​អនុបណ្ឌិត​ផ្នែក​វិទ្យាសាស្ត្រ​កុំព្យូទ័រ​ម្នាក់ ហើយ​ពួក​គេ​ក៏​មូល​មតិ​គ្នា​បង្កើត​គម្រោង Khmer OS ស្នើ​ទៅ​អង្គការ Open Forumនៅ​ឆ្នាំ ២០០៣ តែ​រហូត​ដល់​ឆ្នាំ ២០០៤ ទើប​ខាង​អង្គការ​សម្រេច​ទទួល ហើយ​ក៏​បន្ត​ធ្វើការ​នៅ ទីនោះ​រហូត​ដល់​បច្ចុប្បន្ន។

ប្រាំ​ឆ្នាំ​ជា​អ្នកសារព័ត៌មាន ៖ ចាប់​ពី​ឆ្នាំ ២០០៥-២០១០ លោក​ពូ ដាញ់ ហុង ចូល​បម្រើការ​ជា​អ្នក​យក​ព័ត៌មាន​ភាសា​វៀតណាម ឲ្យ​ស្ថាប័ន​ព័ត៌មាន​សំឡេង​សហរដ្ឋអាមេរិក។

ប្ដូរ​ការងារ និង​ទំនួល​ខុសត្រូវ​ថ្មី ៖ មក​ដល់​ខែ មេសា ឆ្នាំ ២០១០ ដោយ​មើល​ឃើញ​ពី​សក្ដានុពល​របស់​គាត់ ប្រធាន​គ្រប់គ្រង​នៅ​ទីនោះ​បាន​ផ្លាស់ប្ដូរ​អ្នកសារព័ត៌មាន​រូប​នេះ​ មក​ជា​អ្នក​កាន់​ផ្នែក​រចនា​គេហទំព័រ​វិទ្យុ​អាស៊ី​សេរី​វិញ។

៙ ស្នាដៃ ៖

Certificate របស់​លោក​ពូ ដាញ់ ហុង ទទួល​បាន​ពី​Microsoft នៅ​សហរដ្ឋអាមេរិក
សកម្មភាព​បង្រៀន​នៅ​ប្រទេស​ឡាវ

 

ស្នាដៃ

ល.រ សម្រេច​បាន ប្រើ​បាន
1 វចនានុក្រម​វៀតណាម-ខ្មែរ ប្រទេស​វៀតណាម
2 បង្កើត​ឌីហ្សាញ​ពុម្ព​អក្សរខ្មែរ(Font Khmer) ជុំវិញ​ពិភពលោក
3 Microsoft បញ្ជូន​ទៅ​រៀន​នៅ​សហរដ្ឋអាមេរិក​ផ្នែក​រចនាពុម្ព​អក្សរ ខែ សីហា ២០០២
4 ទៅ​បង្រៀន​បុគ្គលិក​ផ្នែក​វិទ្យាសាស្ត្រ​គម្រោង Open Source របស់​រដ្ឋាភិបាល​ឡាវ
ផ្នែក​រចនា​ពុម្ព​អក្សរ
ខែ មេសា ២០០៥
5 ទៅ​បង្រៀន នៅ​ប្រទេស​ឥណ្ឌា ខែ ឧសភា ២០០៥
6 ទៅ​បង្រៀន​នៅ​ប្រទេស បង់​ក្លាដេស ខែ មករា ២០១១
7 ទៅ​បង្រៀន​នៅ​ថៃ អត់ចាំ​កាលបរិច្ឆេទ

 

៙ ស្នេហា ៖

លោក​ពូ ដាញ់ ហុង ជាប់​ចិត្ត​ជំពាក់​ស្នេហ៍​ដក​ចិត្ត​មិន​រួច ហើយ​សម្រេច​ចិត្ត​ចូល​រោងការ ជាមួយ​នារី​ខេត្ត​កណ្ដាល នៅ​ឆ្នាំ ២០០៨។ បច្ចុប្បន្ន​នេះ គូស្នេហ៍​មួយ​គូ​ដែល​មាន​ទី​កំណើត​ឆ្ងាយ​ពី​គ្នា​រាប់​សិប​គីឡូម៉ែត្រ​នេះ ទទួល​បាន​កូន​ស្រី អាយុ​មួយ​ខួប​ម្នាក់ ជា​ចំណង​ដៃ​អាពាហ៍ពិពាហ៍។

៙ បច្ចុប្បន្ន ៖

បច្ចុប្បន្ន​ហុង មាន​នាទី​ជា អ្នក​ទទួល​បន្ទុក​ផ្នែក​រចនា Interface របស់​គេហទំព័រ​វិទ្យុ​អាស៊ី សេរី។ ពេល​វេលា​សល់​ក្រៅ​ពី​បម្រើ​ការ​នៅ​ស្ថាប័ន​នេះ ដាញ់ ហុង ខិត​ខំ​ស្រាវជ្រាវ​ពី​ប្រព័ន្ធ​អ៊ីនធឺណិត​ផ្នែក​រចនា​ពុម្ព​អក្សរ​ជា​ហូរហែ។

៙ អនាគត ៖

លោក​មាន​បំណង​បង្កើត​របរ​ផ្ទាល់​ខ្លួន​មួយ ប៉ុន្តែ​ត្រូវ​ចាំ​មើល​លទ្ធភាព​ប៉ុណ្ណា​សិន ប៉ុន្តែ​សម្រាប់​អាជីវកម្ម​ប្រភេទ​ណា​នោះ​លោក​សូម​លាក់​សិន។ ពេល​ដែល​សួរ​ដល់​ចំនួន​កូន ថា​តើ​ទៅ​ថ្ងៃ​មុខ​លោក​ចង់​បាន​ប៉ុន្មាន​នាក់? ប្រុស​ប៉ុន្មាន? ស្រី​ប៉ុន្មាន? លោក​ឆ្លើយ​ថា មិន​ថា​ប្រុស​ ឬ​ស្រី​ទេ ចំនួន​កូនៗ​គឺ​អាស្រ័យ​លើ​ទ្រព្យធន។

ស្ថាបនិក​ខ្មែរ​កម្ពុជា​ក្រោម​រូប​នេះ មាន​ជំនឿ​យ៉ាង​មុតមាំ​ថា តទៅ​ថ្ងៃ​មុខ​ភាសាខ្មែរ​យើង​នឹង​មាន​ឈ្មោះ និង​ប្រើ​បាន​យ៉ាង​ទូលំទូលាយ​ជុំវិញ​ពិភពលោក​ជាក់ជា​មិនខាន។ ក្ដី​សង្ឃឹម​នេះ​ហើយ​ទើប​ជំរុញ​ឲ្យ​លោក​ចំណាយ​ទាំង​កម្លាំងកាយ កម្លាំងចិត្ត​សម្រេច​មានFont Khmer Unicode ដាក់​ឲ្យ​ប្រើប្រាស់​រហូត​សព្វថ្ងៃ។ លោក​សន្យា​ជាមួយ​បងប្អូន​ខ្មែរ​ថា នឹង​បង្កើត​អ្វី​ដែល​ថ្មីៗ ដើម្បី​លើក​កម្ពស់​អក្សរសាស្ត្រ​ខ្មែរ ជា​ពិសេស​ឧបករណ៍​អេឡិចត្រូនិក​ដូច​ជា Tablet ទូរស័ព្ទ​ដៃ និង​ឧបករណ៍​ផ្សេងៗ​ទៀត​​ជា​ដើម៕
_______________________
ចម្លង​ និង​កែសម្រួល​ពី : សប្បាយ 

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s