ប្រវត្តិ​នៃ​ការ​កសាង​សហភាព​អឺរ៉ុប


នៅ​ក្រោយ​សង្គ្រាមលោក​លើក​ទីពីរ ទ្វីប​អឺរ៉ុប​ទាំងមូល​ខូចខាត​ខ្ទេចខ្ទី សហភាពសូវៀត គិត​តែ​ពី​វាតទី ពង្រីក​ទឹកដី និង​បង្កើន​ឥទ្ធិពល ជា​ហេតុ​ធ្វើ​ឲ្យ​អឺរ៉ុប​ខាងលិច​អ្នក​ស្នេហា​លទ្ធិប្រជាធិបតេយ្យ​ភិតភ័យ។

គឺ ​នៅ​ក្នុង​បរិបទ​បែបនេះ​ហើយ ដែល​បណ្ដា​ប្រទេស​អឺរ៉ុប​ប្រជាធិបតេយ្យ ផ្ដើម​មាន​គំនិត​ចង់​រួបរួម​គ្នា ដើម្បី​ការពារ​ខ្លួន ដើម្បី​កសាង​អឺរ៉ុប​ខាងលិច​ឡើងវិញ និង​ជាពិសេស​ដើម្បី​បង្កើត​សន្តិភាព ចៀសវាង​កុំ​ឲ្យ​សង្គ្រាម ដូច​សង្គ្រាមលោក​លើក​ទី​មួយ និង​សង្គ្រាមលោក​លើក​ទីពីរ កើត​ឡើង​ទៀត។ បាន​ន័យ​ថា កាលនោះ នៅ​សម័យ​ឆ្នាំ 1945 មូលហេតុ​សំខាន់ៗ​ដែល​ជំរុញ​ឲ្យ​បណ្ដា​ប្រទេស​អឺរ៉ុប​ខាងលិច ចង់​ប្រមូលផ្ដុំ​គ្នា​ជ្រក​ក្រោម​ដំបូល​តែ​មួយ គឺ​សុទ្ធ​សឹង​ជា​មូលហេតុ​នយោបាយ។

ប៉ុន្តែ នៅ​ទីបំផុត នៅ​ឆ្នាំ 1948 នា​ពេល​ដែល​បណ្ដា​ប្រទេស​អឺរ៉ុប​ប្រជាធិបតេយ្យ​ចំនួន​ 19 រួម​ប្រជុំ​គ្នា នៅ​ទីក្រុង La Haye ប្រទេស Hollande ដើម្បី​ជជែក​គ្នា​អំពី​ការ​ផ្តួចផ្តើម​បង្កើត​អង្គការ​តំបន់​រួម​មួយ ស្រាប់​តែ​បដិវាទកម្ម​កើត​ឡើង។ គឺ​ការ​ប្រឈម​មុខ​ដាក់​គ្នា​រវាង​ចក្ខុនិមិត្ត​ពីរ។

នៅ​ម្ខាង ប្រទេស​អឺរ៉ុប​មួយ​ក្រុម​ ដឹក​មុខ​ដោយ​ប្រទេស​អង់គ្លេស ចង់​បាន​ត្រឹម​តែ​សហប្រតិបត្តិការ​រវាង​គ្នា និង​ចង់​បាន​តែ​អង្គការ​អឺរ៉ុប​មួយ​ដែល​មិន​ធ្វើ​ឲ្យ​បាត់បង់​សោះ ឡើយ​អធិបតេយ្យ​នៃ​ប្រទេស​សមាជិក​នីមួយៗ។ នៅ​ម្ខាង​ទៀត មាន​ប្រទេស​អឺរ៉ុប​មួយ​ចំនួន​ផ្សេង ដឹកនាំ​ដោយ​ប្រទេស​បារាំង និង​ប្រទេស Belgique ដែល​ចង់​ឲ្យ​អភិក្រម​នៃ​ការ​បង្រួបបង្រួម​អឺរ៉ុប​នេះ បោះ​ជំហាន​ទៅ​រក​សហព័ន្ធ​មួយ តាម​គំរូ​នៃ​សហរដ្ឋ​អាមេរិក ដូច​អ្វី​ដែល​អ្នក​និពន្ធ​បារាំង​សម័យ​សតវត្ស​ទី​ 19 Victor Hugo​ដាក់​នាម​ឲ្យ​ថា Les Etats-Unis d’Europe ឬ​សហរដ្ឋ​អឺរ៉ុប។

ចក្ខុនិមិត្ត​ទាំងពីរ​ខុស​គ្នា​នេះ មួយ​ជា​ចក្ខុនិមិត្ត​អឺរ៉ុប​សមាគម​ប្រជាជាតិ​(Europe des Nations) និង​មួយ​ទៀត​ជា​ចក្ខុនិមិត្ត​អឺរ៉ុប​សហព័ន្ធន៍ (Europe fédérale) បន្ត​ប្រឆាំង​គ្នា​មក​ទល់​សព្វ​ថ្ងៃ ជាង​៦០​បា្លយ​ឆ្នាំ​ក្រោយ​មក។

នៅ​ឆ្នាំ​ 1950 លោក​ Robert Schuman រដ្ឋមន្ត្រី​ការបរទេស​បារាំង​សម័យ​នោះ មាន​គំនិត​ល្អ​មួយ នោះ​គឺ​ឈប់​និយាយ​ពី​អឺរ៉ុប​នយោបាយ តែ​និយាយ​ពី​អឺរ៉ុប​សេដ្ឋកិច្ច​វិញ​ម្ដង។ លោក​ស្នើ​ឲ្យ​ដាក់​ចូល​ជា​សមូហភាព​អឺរ៉ុប ធ្យូងថ្ម​និង​ដែកថែប។ ពីព្រោះ ធ្យូងថ្ម ជា​ថាមពល​ចាំបាច់ ​សម្រាប់​ឧស្សាហកម្ម និង​ការ​កសាង​អឺរ៉ុប​ឡើង​វិញ រីឯ​ដែកថែប​វិញ ជា​លោហធាតុ យុទ្ធសាស្ត្រ សម្រាប់​ផលិត​អាវុធ។ នៅ​ក្នុង​ស្មារតី​របស់​លោក​Schuman ការ​ដាក់​ធ្យូងថ្ម​ និង ដែកថែប ​នៅ​ក្រោម​ការគ្រប់គ្រង​របស់​អាជ្ញាធរ​អឺរ៉ុប​តែ​មួយ​រួមគ្នា មាន​គោលដៅ​នយោបាយ​ និង​សន្តិភាព ពីព្រោះ ធ្វើ​បែប​នេះ វត្ថុធាតុ​ទាំងពីរ​មុខ​នេះ នឹង​មិន​អាច​ត្រូវ​គេ​យក​ទៅ​ផលិត អាវុធ​អ្វី​ផ្ដេសផ្ដាស ដើម្បី​ធ្វើ​សង្គ្រាម​បាន​ទៀត​ឡើយ។ អ៊ីចឹង​ហើយ បាន​ជា​នៅ​ឆ្នាំ​ 1951 បណ្ដា​ប្រទេស​អឺរ៉ុប​ចំនួន ​6 ​គឺ​បារាំង អាល្លឺម៉ង់​ខាង​លិច Belgique, Luxembourg, Hollande និង Italie សុខ​ចិត្ត​បង្កើត​សហគមន៍​ធ្យូងថ្ម​និង​ដែកថែប​អឺរ៉ុប La Communauté Européenne du Charbon et de l’Acier ហៅ​កាត់​ថា​CECA។

តាម​រយៈ​សហគមន៍ ​CECA នេះ អឺរ៉ុប​រួម​ចាប់​បដិសន្ធិ​កើត​ចេញ​ជា​រូបរាង​ឡើង នៅ​តូច​កូន​ង៉ែត​មែនពិត តែ​នឹង​រីក​ធំធាត់​ម្ដង​បន្តិចៗ ចាប់​ពីដើម​ទសវត្សរ៍​ទី ​50 ទៅ។

នៅ​ក្នុង​សម័យ​ទសវត្សរ៍​ទី​50 ទ្វីប​អឺរ៉ុប​ជា​ទី​កន្លែង​ដែល​សង្គ្រាម​ត្រជាក់​រវាង Bloc ​ខាង​កើត​កុម្មុយនិស្ត និង ​Bloc​ ខាង​លិច​សេរី បង្ក​ឲ្យ​មាន​ភាព​តានតឹង​ខ្លាំង​ជាង​គេ។

នៅ​ក្នុង​កាលៈទេសៈ​បែប​នេះ ប្រទេស​បារាំង​មាន​គំនិត​ស្នើ​ឲ្យ​បង្កើត កងទ័ព​អឺរ៉ុប​រួម​មួយ រវាង​បណ្ដា​ប្រទេស​សមាជិក​ទាំង​6។ គំនិត​នេះ​លេចចេញ​ជា​រូបរាង​ឡើង តាម​រយៈ សន្ធិសញ្ញា​ទី​ក្រុង​ប៉ារីស​ឆ្នាំ​1952 តែ​រលត់​សាបសូន្យ​ទៅ​វិញ នៅ​ឆ្នាំ​1954។ ពីព្រោះ កាលនោះ រដ្ឋសភា​បារាំង​ដែល​ខ្លាច​ប្រទេស​បារាំង​បាត់បង់​អធិបតេយ្យ​របស់​ខ្លួន មិន​ព្រម ឲ្យ​សច្ចាប័ន​ទៅ​លើ​សន្ធិសញ្ញា​នេះ​ទេ ខុស​ផ្ទុយ​ពី​រដ្ឋសភា​Belgique អាល្លឺម៉ង់​ខាង​លិច Hollande Luxembourg និងItalie។

សព្វ​ថ្ងៃនេះ 60​ប្លាយ​ឆ្នាំ​ក្រោយ​មក ក្រុម​ប្រវត្តិវិទូ នៅ​តែ​បន្ត​អះអាង​ថា បើ​សិន​ជា​រដ្ឋសភា បារាំង មិន​ច្រាន​ចោល​សន្ធិសញ្ញា​បង្កើត​កងទ័ព​អឺរ៉ុប​រួម​នៅ​ឆ្នាំ​1954 នោះ​ទេ ប្រហែល​ជា​មាន​សហរដ្ឋ​អឺរ៉ុប​មួយ​រួច​ស្រេច​បាត់​ទៅ​ហើយ នៅ​ថ្ងៃ​នេះ។ នៅ​ត្រង់​នេះ គេ​គួរ​បើក​វង់​ក្រចក​ពិនិត្យ​មើល​ឥរិយាបថ​របស់​ប្រទេស​បារាំង​បន្តិច​សិន។ ពីព្រោះ នៅ​ក្នុង​អភិក្រម​នៃ​ការ​កសាង​អឺរ៉ុប ម្ដង​ជា​ពីរ​ដង បារាំង​អស់​ពី​ក្លាហាន​ក្លាយ​ជា​កំសាក អស់​ពី​ជំរុញ​ឲ្យ​ទៅ​មុខ ក្លាយ​ជា​អ្នក​យក​ជើង​រា​ទឹក។ ជាក់ស្ដែង​ជាង​គេ គឺ​នៅ​ឆ្នាំ2005 ជា​ថ្មី​ម្ដង​ទៀត ប្រទេស​បារាំង​ច្រាន​ចោល​រដ្ឋធម្មនុញ្ញ​អឺរ៉ុប ដែល​ខ្លួន​ជា​អ្នក​ផ្ដួចផ្ដើម​ជំរុញ​ឲ្យ​តុបតែង​ឡើង។

យ៉ាង​ណា​ក៏​ដោយ នៅ​ក្នុង​ទសវត្សរ៍​ទី​50 ប្រទេស​សមាជិក​ទាំង​៦​នៃ​សហគមន៍​ធ្យូងថ្ម និង​ដែកថែប​អឺរ៉ុប បន្ត​ជំរុញ​ឲ្យ​ទៅ​មុខ​កាន់​តែ​លឿន គំនិត​ដែល​ថា​ត្រូវ​តែ​ដើរ ទៅ​ឲ្យ​ដល់ គោលដៅ​អឺរ៉ុប​នយោបាយ។ នៅ​ក្នុង​ន័យ​នេះ នៅ​ឆ្នាំ​1957 បណ្ដា​ប្រទេស​អឺរ៉ុប​ទាំង​6 មូល​មតិ​គ្នា បង្កើត​សហគមន៍​សេដ្ឋកិច្ច​អឺរ៉ុប La Communauté Economique Européenne ហៅ​កាត់​ថា CEE តាមរយៈ​សន្ធិសញ្ញា​ទី​ក្រុង​Rome។ គោលដៅ​នៃ​សន្ធិសញ្ញា​នេះ គឺ​បង្កើត​ឲ្យ​មាន​ទីផ្សារ​រួម​មួយ និង​អនុញ្ញាត​ឲ្យ​មាន​ដោយ​សេរី ចរាចរណ៍​មនុស្ស ចរាចរណ៍​ផលិតផល និង​ចរាចរណ៍​មូលធន នៅ​ក្នុង​ព្រំដែន​នៃ​បណ្ដា​ប្រទេស​សមាជិក​ទាំង​6 របស់​សហគមន៍​សេដ្ឋកិច្ច​អឺរ៉ុប CEE។ ដោយសារ​តែ​សហគមន៍​សេដ្ឋកិច្ច​អឺរ៉ុប ការ​ផ្តោះប្តូរ​ពាណិជ្ជកម្ម​រវាង​បណ្ដា​ប្រទេស​សមាជិក​ទាំង​6 កើន​ឡើង​ខ្លាំង កើន​មួយ​ជា​ប្រាំ ក្នុង​ចន្លោះ​ឆ្នាំ​1957 និង​ឆ្នាំ​1970។ រី​ឯ​ផលិតផល​ដែល​សហគមន៍​លក់​ចេញ​ទៅ​ក្រៅ​វិញ​ក៏​កើន​ឡើង​បាន​មួយ​ជា​បី។ និយាយ​រួម សហគមន៍​សេដ្ឋកិច្ច​អឺរ៉ុប គឺ​ជា​ជ័យជំនះ​សេដ្ឋកិច្ច​មួយ​ប្រកែក​មិន​បាន។

ឆ្នាំ 1958 ​លោក de ​Gaulle​ ត្រឡប់​​មក​​កាន់​​អំណាច​វិញ​​នៅ​​​ប្រទេស​​បារាំង​​​​ជា​ហេតុ​​​ធ្វើ​ឲ្យ​​ ​ការ​​កសាង​​អឺរ៉ុប​​នៅ​គាំង​ដំណើរ​​មួយ​​កន្លែង​​

ជាមួយ​នឹង​ការ​បង្កើត​ឡើង​នៃ​សហគមន៍​សេដ្ឋកិច្ច​អឺរ៉ុប​CEE នៅ​ឆ្នាំ​1957 ​​អឺរ៉ុប​​នយោបាយ​ហាក់​ដូច​ជា​ស្លាប់ កប់​ចោល​និង​គ្រប​បាត់​ដោយ​អឺរ៉ុប​សេដ្ឋកិច្ច។ គឺ​ជា​ជ័យជំនះ​​នៃ​ចក្ខុនិមិត្ត​អឺរ៉ុប​សមាគម​ប្រជាជាតិ​ (Europe des Nations) ទៅ​លើ​​ចក្ខុនិមិត្ត​អឺរ៉ុប​សហព័ន្ធ (Europe fédérale) ។

ពី ​ឆ្នាំ​1957 ដល់​ឆ្នាំ​1969 ក្នុង​រយៈ​ពេល​12​ឆ្នាំ អឺរ៉ុប​​រួម​គ្នា​នៅ​លើ​តែ​វិស័យ​សេដ្ឋកិច្ច​នេះ​​បោះ​ជំហាន​ទៅ​មុខ យ៉ាង​យឺត​ជា​ទី​បំផុត។ ពីព្រោះ ឧត្ដមសេនីយ៍ de Gaulle ដែល​បាន​វិល​ត្រឡប់​មក​កាន់​អំណាច​វិញ​នៅ​ឆ្នាំ​​1958 នៅ​ប្រទេស​បារាំង មិន​សូវ​រវល់​​ពី​ការ​កសាង​អឺរ៉ុប​ទេ គិត​តែ​ពី​ធ្វើ​ឲ្យ​ប្រទេស​បារាំង​ខ្លាំង ឯករាជ្យ​​និង​ក្លាយ​ជា​មហាអំណាច​បរមាណូ។

ក៏ប៉ុន្តែ ទន្ទឹម​នឹង​នេះ សហគមន៍​CEE ក្លាយ​ជា​អង្គការ​សេដ្ឋកិច្ច​មួយ​មាំ ប្រកប​ដោយ​ឥទ្ធិពល​ខ្លាំង រហូត​ដល់​ជំរុញ​ប្រទេស​អង់គ្លេស ឲ្យ​សុំ​ចូល​ជា​សមាជិក​នៅ​ឆ្នាំ​1968។

តែ ​ឧត្ដមសេនីយ៍ ​de Gaulle មិន​ព្រម ពីព្រោះ​អង់គ្លេស​ស្និទ្ធ​នឹង​សហរដ្ឋ​អាមេរិក​ខ្លាំង​ពេក។

គេ ​​ត្រូវ ​រង់ចាំ​ដល់​ឆ្នាំ​​1969 ក្រោយ​ពេល​ដែល ​de Gaulle បាន​លា​​ចេញ​ពី​អំណាច ទើប​ឃើញ​ប្រទេស​បារាំង​យល់​ព្រម​ផ្ដល់​សន្ទុះ​​ថ្មី​​ដល់​​អឺរ៉ុប​នយោបាយ។ គឺ​ជា​ការ​វិល​ត្រឡប់​មក​វិញ​នៃ​ចក្ខុនិមិត្ត​អឺរ៉ុប​សហព័ន្ធ (Europe fédérale)។ នៅ​ក្នុង​ន័យ​នេះ ប្រទេស​​សមាជិក​ទាំង​6​នៃ​សហគមន៍​សេដ្ឋកិច្ច​អឺរ៉ុប ​CEE ដែល​រួម​​ប្រជុំ​គ្នា​ក្នុង​ទីក្រុង ​La Haye ប្រទេស ​Hollande នៅ​ឆ្នាំ​1969 ប្ដេជ្ញា​ចិត្ត​សម្រេច​ឲ្យ​បាន​នូវ​គោលដៅ​​បី​​នា​អនាគតកាល។

ទី ​មួយ ​បង្កើត​រូបិយវត្ថុ​រួម​មួយ ទីពីរ ​ធ្វើការ​ចរចា​ដើម្បី​បើក​ផ្លូវ​ឲ្យ​ប្រទេស ​Anglais Danemark Irlande និង Norvège ចូល​ជា​សមាជិក​ និង​​ទី​បី ​រិះរក​មធ្យោបាយ​ដែល​នាំ​​ទៅ​​រក​​អឺរ៉ុប​នយោបាយ​ ឲ្យ​បាន​លឿន​រហ័ស។

ហេតុអ្វី ​​បាន​ជា​នៅ​ទី​បំផុត បារាំង​ព្រម​ឲ្យ​អង់គ្លេស​ចូល​ជា​សមាជិក​​របស់​សហគមន៍​សេដ្ឋកិច្ច​អឺរ៉ុប ​CEE?

បារាំង ​ដឹង ដឹង​ជា​មុន​ថា អង់គ្លេស​ដែល​ស្និទ្ធ​នឹង​អាមេរិក និង​ដែល​​ប្រឆាំង​នឹង​ចក្ខុនិមិត្ត​អឺរ៉ុប​សហព័ន្ធ ​ច្បាស់​​ជា​ខ្ទប់​នៅ​ថ្ងៃ​មុខ មិន​ឲ្យ​អឺរ៉ុប​នយោបាយ​​ រីក​លូតលាស់​ទៅ​មុខ​បាន។

តែ​បារាំង​​​អត់​ជម្រើស ពីព្រោះ​ប្រទេស​សមាជិក​អឺរ៉ុប​ដទៃ​ដាក់​សម្ពាធ​​មក​លើ​ខ្លួន​ខ្លាំង​ពេក ទាមទារ​ឲ្យ​ទីក្រុង ​Paris ដក ​Veto បើកទ្វារ​ឲ្យ​អង់គ្លេស​ចូល​មក​ក្នុង​សហគមន៍ CEE។

អ៊ីចឹង​ហើយ​​បាន​​ ជា​សហគមន៍​សេដ្ឋកិច្ច​អឺរ៉ុប​រីក​​ធំ ចាប់​ពី​ឆ្នាំ​1973​ ទៅ ដោយ​មាន​សមាជិក​បី​បន្ថែម នោះ​គឺ ​Anglais ​Irlande និង Danemark។ ប្រទេស ​Grèce ក្លាយ​ជា​សមាជិក នៅ​ឆ្នាំ​1981 Espagne និង Portugal នៅ​ឆ្នាំ​1986។ ទន្ទឹម​នឹង​នេះ នៅ​ឆ្នាំ​1979 សហគមន៍ CEE សម្រេច​ឲ្យ​រៀបចំ​បោះ​ឆ្នោត​​សភា​អឺរ៉ុប​​ជា​សាកល​​ ជា​​លើក​ទី​មួយ​បង្អស់ និង​ឲ្យ​បង្កើត​ប្រព័ន្ធ​រូបិយវត្ថុ​រួម​មួយ ដែល​ជា​ប្រភព​ដើម​នៃ​ប្រាក់​អឺរ៉ូ ​សព្វថ្ងៃ។

នៅ​ឆ្នាំ​1986 សន្ធិសញ្ញា​​មួយ​​ថ្មី​ដែល​ភាសា​បារាំង​គេ​ហៅ​ថា Acte Unique គ្រោង​​លុប​បំបាត់​ចោល​ទាំង​ស្រុង ឧបសគ្គ​នៅ​សេស​សល់​ទាំង​ប៉ុន្មាន ដែល​បង្ក​ជា​បញ្ហា​​មិន​ឲ្យ​​ទីផ្សារ​​​រួម​តែ​មួយ​កើត​ចេញ​ជា​រូបរាង​បាន។

តែ ​អ្វី​ដែល​សំខាន់ គឺ​ការ​មូលមតិគ្នា​រវាង​បណ្ដា​ប្រទេស​សមាជិក​ទាំងអស់ ថា​នឹង​ធ្វើ​ឲ្យ​សហគមន៍​សេដ្ឋកិច្ច​អឺរ៉ុប ក្លាយ​ទៅ​ជា​សហភាព​អឺរ៉ុប នា​ពេល​ខាង​មុខ។ គោលដៅ នៃ​ឯកសារ Acte unique​នេះ គឺ​ធ្វើ​ឲ្យ​អឺរ៉ុប​រួម​ដើរ​តួនាទី​កាន់​តែ​សំខាន់ នៅ​លើ​ឆាក​អន្តរជាតិ ដើម្បី​ជួយ​សម្រួល​ឲ្យ​ពិភពលោក​មាន​តុល្យភាព​ភូមិសាស្ត្រ​នយោបាយ​ល្អ។

អ៊ីចឹង ​ហើយ​​បានជា​ចាប់​ពី​ឆ្នាំ​​1986 ​មក បណ្ដា​ប្រមុខរដ្ឋ និង​បណ្ដា​ប្រមុខ​រដ្ឋាភិបាល​​សមាជិក​​អឺរ៉ុប​ទាំង​អស់ ចាប់​ផ្ដើម​រួម​ប្រជុំ​គ្នា​ជា​ច្រើន​ដង ក្នុង​មួយ​ឆ្នាំៗ។ គឺ​ជា​ការ​ចាប់​កំណើត​ឡើង​នៃ ស្ថាប័ន​​ក្រុម​ប្រឹក្សា​អឺរ៉ុប (Le Conseil d’Europe ) ដែល​គេ​អាច​ចាត់​ទុក​ថា ជា​អំណាច​នីតិប្រតិបត្តិ​របស់​អឺរ៉ុប។ តាម​រយៈ​ស្ថាប័ន​ក្រុម​ប្រឹក្សា​អឺរ៉ុប បណ្ដា​ប្រទេស​សមាជិក​ ត្រួត​ពិនិត្យ​និង​ក្ដាប់​យ៉ាង​ជាប់​អភិក្រម​នៃ​ការ​បន្ត​កសាង​អឺរ៉ុប ឲ្យ​ក្លាយ​ទៅ​ដូច​អ្វី​ដែល​ពួក​គេ​ចង់​បាន ពោល​គឺ​ទុក​ឲ្យ​នៅ​ជា​អឺរ៉ុប​សមាគម​ប្រជាជាតិ​(Europe des Nations) សិន។

ក៏​ប៉ុន្តែ​ទន្ទឹម​ជាមួយ​គ្នា​នេះ វត្តមាន​នៃ​ស្ថាប័ន​សហភាព​អឺរ៉ុប ដែល​ប្រជាពលរដ្ឋ​អឺរ៉ុប នៅ​តាម​ប្រទេស​សមាជិក​នីមួយៗ ជា​អ្នក​បោះឆ្នោត​តែងតាំង​ពួក​អ្នក​តំណាងរាស្ត្រ ជា​សញ្ញា​មួយ​ដែល​ស្ដែង​ឲ្យ​ឃើញ​ថា អឺរ៉ុប​សហព័ន្ធ ក៏​កំពុង​បោះ​ជំហាន​ទៅ​មុខ​សន្សឹមៗ​ដែរ។ បាន​ន័យ​ថា ចាប់ពី​ឆ្នាំ1979​ទៅ អឺរ៉ុប​រួម​មិនមែន​​ជា​អង្គការ​សេដ្ឋកិច្ច​មួយ​សុទ្ធសាធ ដូច​ពី​ពេល​មុន​ទៀត​ទេ។ ពី​អំណឹះតទៅ អឺរ៉ុប​រួម ​មាន​លក្ខណៈ​នយោបាយ​កាន់​តែ​ច្បាស់​ឡើងៗ ជា​លំដាប់។

យ៉ាងណា​ក៏​ដោយ នៅ​ឆ្នាំ​1989 អឺរ៉ុប​រួម​ដើរ​មក​ដល់​របត់​មួយ​ថ្មី។ ឆ្នាំ​1989 ជា​ឆ្នាំ​ដែល​សេរីភាព​បោកបក់​ខ្លាំង​ទៅ​លើ​សហភាព​សូវៀត និង​ទៅ​លើ​បណ្ដា​ប្រទេស រណប​សហភាពសូវៀត នៅ​អឺរ៉ុប​ខាង​កើត។ រដ្ឋអំណាច​នៅ​ Moscou បន្ត​អនុវត្ត​នយោបាយ​កែ​ទម្រង់ ​Perestroïka បក្ស​ប្រឆាំង​ឈ្នះ​ឆ្នោត​នៅ ​Pologne Hongrie បើក​ច្រក​ព្រំដែន​នៅ​ខាង​លិច​ប្រទេស។

តែ​ហេតុការណ៍​សំខាន់ គឺ​ការ​ដួល​រលំ​នៃ​ជញ្ជាំង ​Berlin។ ជញ្ជាំង​Berlin ​រលំ សង្គ្រាម​ត្រជាក់​ត្រូវ​ចប់ មនោគមវិជ្ជា​កុម្មុយនិស្ត​រលាយ​ សហភាពសូវៀត ចាប់​ផ្ដើម​ត្រដរ​ខ្យល់។

ព្រឹត្តិការណ៍​​លោត​ប្លោះ​លឿន​រហ័ស​ទាំង​ នេះ បង្ក​ជា​បញ្ហា​ដល់​ការ​កសាង​អឺរ៉ុប។ ជញ្ជាំង ​Berlin ​រលំ បាន​ន័យ​ថា មិនយូរមិនឆាប់ អាល្លឺម៉ង់​ខាងលិច​និង​អាល្លឺម៉ង់​ខាង​កើត ត្រូវ​តែ​រួបរួម​គ្នា​ជា​ប្រទេស​តែ​មួយ​វិញ។ ប្រធានាធិបតី​បារាំង​ François Mitterrand យល់​ដឹង​ភ្លាម​ថា ប្រទេស​អាល្លឺម៉ង់​តែ​មួយ ធំ​ជាង​មុន និង​ខ្លាំង​ជាង​មុន អាច​ធ្វើ​ឲ្យ​អឺរ៉ុប​រួម​​បាត់បង់​តុល្យភាព និង​អាច​ធ្វើ​ឲ្យ​ការ​កសាង​អឺរ៉ុប​គាំង​ដំណើរ នៅ​មួយ​កន្លែង។

នៅ​ ក្នុង​បរិបទ​នេះ បារាំង​និង​អាល្លឺម៉ង់​យល់​ឃើញ​ថា មាន​តែ​ការ​​បង្កើន​ល្បឿន​សមាហរណកម្ម​​នយោបាយ​​ទេ ដែល​អាច​ជួយ​ស្រោចស្រង់​អឺរ៉ុប​រួម​ឲ្យ​រួច​ពី​គ្រោះថ្នាក់​បាន។ គឺ​ចាប់​ពី​ឆ្នាំ​1989 ​នោះ​ហើយ ដែល​ថ្នាក់​ដឹកនាំ​អឺរ៉ុប ផ្ដើម​គិតគូរ​​អំពី​​ការ​បង្កើត​ប្រាក់​អឺរ៉ូ​រួម​មួយ។ គំនិត​នេះ​ក្លាយ​ចេញ​ជា​រូបរាង តាម​រយៈ​សន្ធិ​សញ្ញា​ ​Maastricht នៅ​ឆ្នាំ​1992 ។ គឺ​ជា​សន្ធិសញ្ញា​ដែល​ចែង​ពី​សហភាព​អឺរ៉ុប​​ក្នុង​នាម​ជា​អឺរ៉ុប​រួម​នយោបាយ សេដ្ឋកិច្ច​ និង​ រូបិយវត្ថុ។

ទីស្នាក់ការ​កណ្ដាល​របស់​គណៈកម្មការ​អឺរ៉ុប នៅ​ប្រទេស​បែលហ្ស៊ិក

ក្រោយ​ពី​សង្គ្រាម​ត្រជាក់​បាន​រលត់​បាត់​ទៅ ប្រទេស​បារាំង​និង​ប្រទេស​អាល្លឺម៉ង់ ដែល​ជា​ក្បាល​រទេះភ្លើង​នៃ​អឺរ៉ុប សម្រេច​បង្កើន​ល្បឿន​សមាហរណកម្ម ដើម្បី​ស្រោចស្រង់​អឺរ៉ុប​រួម​ឲ្យ​រួច​ពី​គ្រោះថ្នាក់។ នៅ​ក្នុង​ន័យ​នេះ តាម​រយៈ​សន្ធិសញ្ញា ​Maastricht ឆ្នាំ១៩៩២ សហគមន៍​សេដ្ឋកិច្ច​អឺរ៉ុប​CEE ដូរ​ឈ្មោះ​ជា​សហភាព​អឺរ៉ុប។

ក៏​ប៉ុន្តែ ជញ្ជាំង​ Berlin​ ដែល​បាន​រលំ និង​ពីរ​ឆ្នាំ​ក្រោយ​មក សហភាពសូវៀត​ដែល​បាន​រលាយ​ក៏​នាំ​បញ្ហា​ពី​ក្រៅ​មក​បញ្ឆេះ​នៅ​ខាង​ក្នុង​ សហភាព​អឺរ៉ុប​ដែរ។ បញ្ហា​ពី​ក្រៅ​នេះ គឺ​សង្គ្រាម​នៅ​Yougoslavie។ អាល្លឺម៉ង់​កាន់​ជើង​ពួក​Croates រី​ឯ​បារាំង​វិញ​មិន​ព្រម​គាប​សង្កត់​ពួក​Serbes​ តាម​ការ​ស្នើ​សុំ​របស់​អាល្លឺម៉ង់។ មែនទែន​ទៅ អឺរ៉ុប​រួម​គ្មាន​ជំហរ​រួម នៅ​ចំពោះ​មុខ​វិបត្តិ​Yougoslavie។ ធ្ងន់ធ្ងរ​ជាង​នេះ​ទៅ​ទៀត អឺរ៉ុប​រួម​គ្មាន​ទ័ព​ធ្វើ​អន្តរាគមន៍​នៅ​ក្នុង​សង្គ្រាម​មួយ ដែល​កើត​ឡើង នៅ​ចំ​មាត់​ទ្វារ​ផ្ទះ​របស់​ខ្លួន​តែ​ម្តង។ ហើយ​ជា​ថ្មី​ម្តង​ទៀត គឺ​សហរដ្ឋអាមេរិក​ទេ​តើ ដែល​នៅ​ទីបំផុត បាន​មក​ពន្លត់​ភ្លើង​សង្គ្រាម ​Yougoslavie​ នេះ។

គឺ​នៅ​ក្នុង​បរិបទ​ បែប​នេះ​ហើយ បាន​ជា​ចាប់​ពី​ដើម​ទសវត្សរ៍​ទី​90 ​ទៅ ចាប់ផ្តើម​មាន នៅ​ក្នុង​សហភាព​អឺរ៉ុប អ្នក​ដែល​មិន​ទុក​ចិត្ត មិន​គាំ​ទ្រ និង​មាក់ងាយ​សហភាព​អឺរ៉ុប​ច្រើន​ឡើងៗ ជា​ភាសា​បារាំង​គេ​ហៅ​ថា ពួក​ Eurosceptiques។

នៅ​ក្រៅ​ព្រំដែន​នៃ​សហភាព​អឺរ៉ុប​វិញ អ្វីៗ​ក៏​ផ្ដើម​ប្រែប្រួល​អស់​រលីង ៖ សហភាពសូវៀត​រលាយ សហរដ្ឋអាមេរិក​ក្លាយ​ជា​មហាអំណាច​ផ្តាច់​មុខ ប្រទេស​ចិន​អនុវត្ត​សេដ្ឋកិច្ច​ទីផ្សារ​ដែល​សឹង​មាន​លក្ខណៈ​ជា​មូលធន​និយម​ ព្រៃផ្សៃ។ បណ្ដា​ប្រទេស​អឺរ៉ុប​ខាង​កើត​ដែល​ទើប​បាន​រួច​ខ្លួន​ពី​ក្រញាំ​កុម្មុយនិស្ត ​និង​ពី​ឥទ្ធិពល​សូវៀត មើល​ឃើញ​តែ​គំរូ​សហរដ្ឋអាមេរិក និង​ស្រឡាញ់​តែ​សេរីនិយម​របៀប​អាមេរិកាំង។ សេដ្ឋកិច្ច​សង្គម​ទីផ្សារ Economie sociale du marché របស់​សហភាព​អឺរ៉ុប​មិន​ទាក់ទាញ​ចិត្ត​របស់​ពួក​គេ​ឡើយ។

ក៏​ប៉ុន្តែ សហរដ្ឋអាមេរិក​នៅ​ឆ្ងាយ​ពេក ជាហេតុ​ធ្វើ​ឲ្យ​បណ្ដា​ប្រទេស​អឺរ៉ុប​ខាងកើត​អត់​ជម្រើស ត្រូវ​តែ​មក​គោះ​ទ្វារ​សហភាព​អឺរ៉ុប ដើម្បី​សុំ​ចូល​ជា​សមាជិក។ អឺរ៉ុប​ខាង​កើត​ដែល​មក​គោះ​ទ្វារ​អឺរ៉ុប​ខាង​លិច ជា​ប្អូន​ជីដូន​មួយ​ក្រីក្រ មាន​ប្រវត្តិ​ផ្សេង​និង​ចិត្ត​គំនិត​ផ្សេង។ សូម្បី​តែ​អាល្លឺម៉ង់​ខាង​កើត​ក៏​ប្លែក​ដែរ មិន​ដូច​អាល្លឺម៉ង់​ខាង​លិច​ទេ។

យ៉ាងម៉េច​ក៏​ដោយ សហភាព​អឺរ៉ុប​គ្មាន​ជម្រើស​អ្វី​ក្រៅ​ពី​បើក​ទ្វារ និង​បើក​ដៃ​ទទួល​បណ្ដា​ប្រទេស​ទាំង​នេះ​តែ​ប៉ុណ្ណោះ។ ពីព្រោះ​ម្យ៉ាង សហភាព​អឺរ៉ុប​មិន​ស្រួល​ចិត្ត មាន​អារម្មណ៍​មិន​ល្អ ដោយ​បាន​បោះបង់​ចោល​បណ្ដា​ប្រទេស​អឺរ៉ុប​ខាង​កើត​ទាំង​នេះ​ឲ្យ​នៅ​រង​ទុក្ខ​ ក្រោម​នឹម​កុម្មុយនិស្ត​របស់​សហភាព​សូវៀត ជិត​កន្លះ​សតវត្សរ៍។ ពីព្រោះ​ម្យ៉ាង​ទៀត សន្ធិសញ្ញា​ទាំង​ប៉ុន្មាន​ដែល​ស្តី​ពី​ការ​កសាង​អឺរ៉ុប​រួម សុទ្ធ​តែ​បាន​គ្រោង​ទុក​កន្លែង​រង់ចាំ​ទទួល​បណ្ដា​ប្រទេស​អឺរ៉ុប​ខាង​កើត ពេល​ណា​ដែល​ប្រទេស​ទាំង​អស់​នេះ​រើ​បម្រះ​ចេញ​រួច​ពី​របប​ផ្ដាច់ការ។ និង​ពីព្រោះ​ម្យ៉ាង​ចុង​ក្រោយ ដើម្បី​សន្តិភាព​នៅ​ក្នុង​ទ្វីប​អឺរ៉ុប សហភាព​អឺរ៉ុប​ត្រូវ​តែ​ដាច់​ចិត្ត​ទទួល​បណ្ដា​ប្រទេស​អឺរ៉ុប​ខាង​កើត មក​ធ្វើ​ជា​សមាជិក។

អឺរ៉ុប​ខាងកើត ជាពិសេស​អឺរ៉ុប​កណ្ដាល ជា​តំបន់​ពោរពេញ​ទៅ​ដោយ​អស្ថិរភាព ពីព្រោះ​ព្រំដែន​នៃ​ប្រទេស​ទាំង​នេះ ត្រូវ​បាន​កាត់​បែង​ចែក​ដោយ​សន្ធិសញ្ញា​ Versailles ក្រោយ​សង្គ្រាម​លោក​លើក​ទី​មួយ ត្រូវ​បាន​សើរើ​មើល​ឡើង​វិញ ដោយ​កតិកាសញ្ញា​អាល្លឺម៉ង់-រុស្ស៊ី នៅ​សម័យ​ដើម​ដំបូង​នៃ​សង្គ្រាម​លោក​លើក​ទី​ពីរ និង​ក្រោយ​មក ត្រូវ​បាន​ទុក​ឲ្យ​នៅ​ជា​ Statu quo តាំង​ពី​ចប់​សង្គ្រាម​លោក​លើក​ទី​ពីរ​មក​ម្ល៉េះ។ បាន​ន័យ​ថា សង្គ្រាម ដូច​ជា​សង្គ្រាម​នៅ Yougoslavie​ ជា​ដើម អាច​នឹង​ផ្ទុះ​ឡើង​គ្រប់​ពេល​វេលា និង​នៅ​គ្រប់​ទី​កន្លែង​ក្នុង​តំបន់​អឺរ៉ុប​ខាង​កើត។ ម៉្លោះ​ហើយ តាម​រយៈ​ការ​ទទួល​បណ្ដា​ប្រទេស​ទាំង​នេះ​ឲ្យ​ចូល​ជា​សមាជិក សហភាព​អឺរ៉ុប​មាន​បំណង​ចង់​ខ្ទប់​កុំ​ឲ្យ​សង្គ្រាម​ជាយថាហេតុ កើត​ឡើង​ទៀត​បាន។

ក៏​ប៉ុន្តែ ជាមួយ​នឹង​បណ្ដា​សមាជិក​ថ្មី​មក​ពី​អឺរ៉ុប​ខាង​កើត បញ្ហា​ថ្មី​ក៏​កើត​មាន​ដែរ​នៅ​ក្នុង​សហភាព​អឺរ៉ុប។ ទីមួយ ដូច​បាន​លើក​ឡើង​អំបាញ់មិញ​រួច​ហើយ​ថា ប្រទេស​ទាំង​នេះ​ដែល​ទើប​តែ​បាន​ឈាន​ជើង​ចេញ​ពី​របប​កុម្មុយនិស្ត ចង់​បាន​ណាស់​សេដ្ឋកិច្ច​សេរីនិយម​បែប​អាមេរិកាំង មិន​យក​ទេ មិន​ចង់​បាន​ទេ​សេដ្ឋកិច្ច​សង្គម​ទីផ្សារ​បែប​សហភាព​អឺរ៉ុប។ ទីពីរ ប្រទេស​ទាំង​នេះ មិន​ចង់​បាន​ទេ​អឺរ៉ុប​រួម​នយោបាយ ពីព្រោះ ពួក​គេ​ដែល​ទើប​តែ​បាន​ចេញ​រួច​ពី​កុម្មុយនិស្ត មាន​ស្មារតី​ជាតិ​និយម​ខ្លាំង ស្រឡាញ់​បូរណភាព​ទឹក​ដី និង​មិន​ចង់​បាត់​បង់​អធិបតេយ្យ សោះ​ឡើយ។ ទី​បី​ ប្រទេស​ទាំង​នេះ​នៅ​ភ័យ នៅ​ខ្លាច​រុស្ស៊ី ត្រូវការ​ឲ្យ​សហរដ្ឋ​អាមេរិក​ការពារ ចង់​ឋិត​នៅ​ក្រោម​ឆត្រ​សន្តិសុខ​អាមេរិកាំង ពីព្រោះ​សហភាព​អឺរ៉ុប​គ្មាន​កងទ័ព​រួម គ្មាន​ក្រសួង​ការពារ​អឺរ៉ុប​រួម។

ម៉្លោះ ​ហើយ សមាជិក​ថ្មី​មក​ពី​អឺរ៉ុប​ខាង​កើត​នាំ​គ្នា​ងាក​ទៅ​រក​អង្គការ​សន្ធិសញ្ញា​ Atlantique ខាង​ជើង ហៅ​កាត់​ថា ​OTAN។

គឺ ​នៅ​ក្នុង​បរិបទ​នៃ​បញ្ហា​ ទាំង​បី​ខាង​លើ​នេះ​ហើយ ដែល​សហភាព​អឺរ៉ុប​បង្កើន​ចំនួន​ប្រទេស​សមាជិក ពង្រីក​ព្រំដែន​សំដៅ​ទៅ​ទិស​ខាង​កើត។

ផែនទី​សហភាព​អឺរ៉ុប​ដែល​មាន​សមាជិក​ 27 ​ប្រទេស​

ជញ្ជាំង​ Berlin ​រលំ និង​សហភាពសូវៀត​រលាយ នាំ​មក​នូវ​បញ្ហា​ជា​ច្រើន​ដល់​ការ​កសាង​អឺរ៉ុប​រួម ធ្វើ​ឲ្យ​ថ្នាក់​ដឹកនាំ​អឺរ៉ុប ជា​ពិសេស​​ថ្នាក់​ដឹកនាំ​បារាំង​និង​អាល្លឺម៉ង់​ល្វីង​មុខ។ ក៏ប៉ុន្តែ នៅ​ទីបំផុត ព្រឹត្តិការណ៍​ធំៗ​​ទាំងនេះ​ បែរ​​ជា​​ជួយ​​ផ្តល់​សន្ទុះ​ថ្មី​ដល់​ដំណើរ​​សមាហរណកម្ម​​នយោបាយ​​អឺរ៉ុប​​ ទៅ​វិញ។ សន្ធិសញ្ញា​ចំនួន​​ពីរ​​បន្ថែម​ គឺ​សន្ធិសញ្ញា ​Maastricht នៅ​ឆ្នាំ 1992 និង​សន្ធិសញ្ញា​ Amsterdam នៅ​ឆ្នាំ​1997 ជំរុញ​អឺរ៉ុប​រួម​ ឲ្យ​បោះ​ជើង​​ដើរ​​ទៅ​មុខ​យ៉ាង​លឿន។ សហគមន៍​សេដ្ឋកិច្ច​អឺរ៉ុប​​ ដូរ​ឈ្មោះ​​ជា​សហភាព​អឺរ៉ុប។

មិន​តែ​ប៉ុណ្ណោះ ពី​អំណើះ​ត​ទៅ សហភាព​អឺរ៉ុប​​ទទួល​​ស្គាល់​លក្ខន្តិកៈ​របស់​ពលរដ្ឋ​អឺរ៉ុប។ បាន​ន័យ​ថា ពលរដ្ឋ​អឺរ៉ុប​គ្រប់​រូប​មាន​សិទ្ធិ​ចូល​រួម​បោះ​ឆ្នោត​ជ្រើស​រើស​តំណាង​ រាស្រ្ត​អឺរ៉ុប​និង​ជ្រើស​​រើស​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់ នៅ​ក្នុង​ប្រទេស​​អឺរ៉ុប​ណា​ដែល​ខ្លួន​​រស់​នៅ។ ឧទាហរណ៍ ជនជាតិ​​​អង់គ្លេស​​​​ដែល​​រស់​​នៅ​​ក្នុង​​ប្រទេស​​បារាំង​ ​មាន​សិទ្ធិ​​ចូលរួម​បោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់ និង​ជ្រើសរើស​អ្នក​តំណាង​រាស្ត្រ​អឺរ៉ុប នៅ​លើ​ទឹក​ដី​បារាំង​ផ្ទាល់​តែ​ម្តង។

តែ​អ្វី​ដែល​មាន​លក្ខណៈ​ បដិវត្តន៍​ខ្លាំង​នោះ គឺ​សហភាពអឺរ៉ុប ជា​អឺរ៉ុប​រួម​សេដ្ឋកិច្ច រូបិយវត្ថុ និង​នយោបាយ។ នៅ​ក្នុង​ន័យ​នេះ នៅ​ថ្ងៃ​ទី 1 មករា ​ឆ្នាំ​2002 សមាជិក​អឺរ៉ុប​ចំនួន12 ​ប្រទេស មូលមតិ​គ្នា​ទទួល​យក​ប្រាក់​អឺរ៉ូ​មក​ប្រើប្រាស់។ ទន្ទឹម​ជាមួយ​គ្នា​នេះ សហភាព​អឺរ៉ុប​ក៏​ផ្តើម​ចាក់​គ្រឹះ​នយោបាយ​ការបរទេស​រួម​មួយ និង​ផ្តើម​ពង្រីក​អំណាច​របស់​ខ្លួន​ដែរ។

សហភាព​​ក៏​ត្រូវការ​សើរើ​ មើល ​ឡើង​វិញ​ដែរ បែបបទ​នៃ​ដំណើរ​ការ​​​ស្ថាប័ន​អឺរ៉ុប ពីព្រោះ​ជាមួយ​ការបើកទ្វារ​ទទួល​បណ្តា​ប្រទេស​អឺរ៉ុប​ខាង​កើត ចំនួន​សមាជិក​របស់​សហភាព​កើន​ឡើង​ពី​15 ទៅ​25 និង រួចហើយ ពី​25​ទៅ​27​។ អ៊ីចឹង​ហើយ បានជា​នៅ​ខែ​កុម្ភៈ​​ឆ្នាំ ​2001 បារាំង​រៀបចំ​សន្និសីទ​អន្តររដ្ឋាភិបាល​មួយ​នៅ​ទីក្រុង​ Nice និង​តុបតែង​សន្ធិសញ្ញា​មួយ​ឡើង ដែល​នៅ​ទីបំផុត​ត្រូវ​សមាជិក​សំខាន់ៗ​ច្រាន​ចោល។ មូលហេតុ​គឺ មក​ពី​សន្ធិសញ្ញា​ទីក្រុង​ Nice ផ្តល់​អំណាច​ខ្លាំង​ពេក​ដល់​ប្រទេស​សមាជិក​មួយ​ចំនួន​​ដែល​មាន​ទំហំ​ធំ និង​ប្រជាជន​ច្រើន​​ដូចយ៉ាង ​Pologne និង Espagne។ នៅ​ពេល​នោះ​ហើយ ដែល​ជា​លើក​ទីមួយ​បង្អស់ សភា​អឺរ៉ុប​​ចេញ​​មុខ​ស្នើ​​ រដ្ឋាភិបាល​ប្រទេស​សមាជិក​ទាំង​អស់ ឲ្យ​ស្រុះស្រួល​គ្នា​បង្កើត​ក្រុម​ការងារ​មួយ​ទទួល​បន្ទុក​ខាង​តាក់តែង​ រដ្ឋធម្មនុញ្ញ​អឺរ៉ុប រដ្ឋធម្មនុញ្ញ​អឺរ៉ុប​ដែល​នឹង​ត្រូវ​អនុញ្ញាត​ឲ្យ​សហភាព​មាន​ដំណើរ​រលូន​ទៅ​ មុខ​ល្អ។

ឆ្នាំ​ 2005 ជា​ឆ្នាំ​នៃ​ការ​តស៊ូ​មតិ​យ៉ាង​ផុសផុល​នៅ​ក្នុង​សហភាព​អឺរ៉ុប​ ជុំវិញ​រដ្ឋធម្មនុញ្ញអឺរ៉ុប។ ពីព្រោះ ក្រោយ​ពី​បាន​តាក់តែង​រួច​ហើយ រដ្ឋធម្មនុញ្ញ​នេះ​ត្រូវ​ទទួល​សច្ចាប័នពី​សំណាក់​ប្រទេស​សមាជិក​នីមួយៗ​សិន មុន​នឹង​អាច​ចូល​ជា​ធរមាន​បាន។ ប្រទេស​បារាំង​​ស្នើ​ឲ្យ​ប្រជាពលរដ្ឋ​របស់​ខ្លួន​ធ្វើ​សច្ចាប័ន តាម​រយៈ​ការ​បោះឆ្នោត​ប្រជាមតិ។ ក៏ប៉ុន្តែ ស្រាប់​តែ​នៅ​ខែ​ឧសភា​ឆ្នាំ​2005 ប្រជាពលរដ្ឋ​បារាំង​ច្រានចោល​រដ្ឋធម្មនុញ្ញ​អឺរ៉ុប ជាហេតុ​ធ្វើ​ឲ្យ​អភិក្រម​នៃ​ការ​បន្ត​កសាង​សហភាពអឺរ៉ុប​គាំង​ដំណើរ​នៅ​មួយ​ កន្លែង សា​ជាថ្មីម្តងទៀត។

ជា​រួម ប្រវត្តិ​នៃ​ការ​កសាង​សហភាព​អឺរ៉ុប តាំង​ពី​ចប់​សង្គ្រាម​លោក​​​លើក​ទី​ពីរ មក​ទល់​ពេល​នេះ គឺ​ជា​ប្រវត្តិ​នៃ​ការ​ប្រឈម​មុខ​ដាក់​គ្នា​រវាង​អ្នក​គាំទ្រ​ចក្ខុនិមិត្ត​ នៃ​អឺរ៉ុប​សហព័ន្ធ Europe fédérale និង​​អ្នក​​គាំទ្រ​​ចក្ខុនិមិត្ត​​នៃ​អឺរ៉ុប​សមាគម​ប្រជាជាតិ Europe des Nations។ នៅ​ត្រង់​នេះ គេ​អាច​និយាយ​បាន​ថា 50​ឆ្នាំ​ក្រោយ​សន្ធិសញ្ញា​ទីក្រុង​ Rome សហភាព​អឺរ៉ុប​មិនមែន​ជា​សហរដ្ឋអឺរ៉ុប ដូច​គំរូ​នៃ​សហរដ្ឋអាមេរិក​នៅ​ឡើយ​ទេ។ ហើយ​វា​ក៏​មិន​មែន​ជា​សហព័ន្ធន៍​​​​មួយ​​ ដូច​សហព័ន្ធន៍ ​Suisse ឯ​ណា។ សហភាពអឺរ៉ុប គ្រាន់​តែ​ជា​សហភាព​នៃ​បណ្តា​រដ្ឋ​ឯករាជ្យ​ចំនួន ​27 ដែល​មក​ទល់​ពេល​នេះ នៅ​មិន​ទាន់​ដាច់​ចិត្ត​បង្កើត​អធិបតេយ្យ​​និង​​​លទ្ធិប្រជាធិបតេយ្យ​​រួម​ គ្នា​មួយ​នៅ​ឡើយ។

គេ​ក៏​មិន​ត្រូវ​បំភ្លេច​ទេ មូលហេតុ​ដើម​ដែល​បាន​ជម្រុញ​ថ្នាក់​ដឹក​នាំ​​ទាំង​អស់ ឲ្យ​ចាប់​ដៃ​គ្នា​បង្កើត​អឺរ៉ុប​រួម។ មូលហេតុ​នោះ គឺ​ចៀសវាង​កុំ​ឲ្យ​សង្គ្រាម ដូច​សង្គ្រាម​លោក​លើក​ទី​មួយ និង​សង្រ្គាម​​លោក​លើក​ទី​ពីរ​កើត​ឡើង នៅ​ទ្វីប​អឺរ៉ុប​ទៀត។ ចំណុច​មួយ​​ទៀត ដែល​គួរ​ចង​ចាំ គឺ​បារាំង​និង​អាល្លឺម៉ង់ ជា​ក្បាល​រទេះ​ភ្លើង​ដែល​អូស​ទាញ​ឲ្យ​អភិក្រម​នៃ​ការ​កសាង​សហភាព​អឺរ៉ុប បោះ​ពួយ​ទៅ​មុខ។

ត​ទៅ​ថ្ងៃ​មុខ សហភាព​អឺរ៉ុប ប្រហែល​ជា​គ្មាន​ជម្រើស​អ្វី​ក្រៅ​ពី​បង្កើន​ល្បឿន​សមាហរ័ណកម្ម ផ្នែក​នយោបាយ​រួម​និង​ផ្នែក​ការពារ​អឺរ៉ុប​រួម​នោះ​ទេ។ ពីព្រោះ​ប្រទេស​អឺរ៉ុបមួយ​ណា​ក៏​ដោយ​ដែល​នៅ​ដាច់​តែ​ឯង ទោះ​ជា​បារាំង អង់គ្លេស​ឬ​អាល្លឺម៉ង់​ក៏​ដោយ​ គ្មានទម្ងន់​ទេ ទឹកមាត់​មិន​ប្រៃ​ទេ នៅ​ចំពោះ​មុខ​សហរដ្ឋ​អាមេរិក​​ឬ​ប្រទេស​ចិន។ ក៏ប៉ុន្តែ គេ​ក៏​ត្រូវ​ដឹង​ដែរ​ថា ចាប់​ពី​ពេល​នេះ​ទៅ ការ​បន្ត​កសាង​អឺរ៉ុប​រួម ​ជា​ការ​មួយ​ពិបាក​ឡើងៗ។​ពីព្រោះ​ ពី ​6 ​ប្រទេស​នៅ​ក្នុង​អតីតកាល អឺរ៉ុប​បាន​កើន​ដល់​ទៅ​ 27​ប្រទេស ក្នុង​បច្ចុប្បន្នកាល​​និង​ប្រហែល​ដល់​ទៅ​៣០ប្លាយ​ប្រទេស នៅ​អនាគតកាល។

សមាជិកកើនឡើងជាលំដាប់ តែគោលការណ៍ដើមនៅដដែល បានន័យ​ថាចង់សម្រេចអ្វី ក៏ដោយ សហភាពអឺរ៉ុបត្រូវការ ការ​យល់​ព្រមជាឯកច្ឆ័ន្ទ​ពីសំណាក់សមាជិកទាំងអស់ ។​ ឲ្យតែមាន Veto​ ប្រឆាំងពីប្រទេសណាមួយ​បរាជយ័​នឹង​មក​ដល់​ភ្លាម។

បណ្ដា​ប្រទេស​សមាជិក​អឺរ៉ុប​ទាំង ២៧ នៅ​ទីក្រុង ​Lisbonne ប្រទេស Portugalនៅ ខែ​ធ្នូ​ឆ្នាំ 2007

ឆ្នាំ​2007 ជា​ឆ្នាំ​មួយ​សែន​ពិបាក​សម្រាប់​សហភាព​អឺរ៉ុប ដែល​ត្រូវ​គាំង​ដំណើរ នៅ​មួយ​កន្លែង។ រដ្ឋធម្មនុញ្ញ​អឺរ៉ុប​មិន​អាច​ចូល​ជា​ធរមាន​បាន ពីព្រោះ​មិន​បាន​ទទួល​សច្ចាប័ន ពី​សំណាក់​បណ្ដា​សមាជិក​ទាំង​អស់។ 15 ​ប្រទេស​បាន​ទទួល​ច្បាប់​កំពូល​នេះ ប្រទេស 2 ​បាន​ច្រាន​ចោល រីឯ​សមាជិក​ដទៃ​ទៀត​មិន​បាន​ចាត់ចែង​កោះ​ប្រជុំ​សភា ឬ​រៀបចំ​ធ្វើ​ប្រជាមតិ​​ដើម្បី​ឲ្យ​សច្ចាប័ន​អ្វី​ឡើយ ពីព្រោះ​ចង់​ឬ​មិន​ចង់ រដ្ឋធម្មនុញ្ញ​អឺរ៉ុប​បាន​ស្លាប់​បាត់​ទៅ​ហើយ។

ក៏ ​ប៉ុន្តែ យ៉ាង​ណា​ក៏​ដោយ​សហភាព​អឺរ៉ុប​បន្ត​ត្រដរ​រស់។ Roumanie និង Bulgarie បាន​ចូល​ជា​សមាជិក ធ្វើ​ឲ្យ​អឺរ៉ុប 25​ប្រទេស​ក្លាយ​ជា​អឺរ៉ុប ២៧​ប្រទេស។ អឺរ៉ុប​បន្ត​រស់ តែ​ដើរ​អូស​ជើង​តាំង​ពី​ឆ្នាំ 2005 ​មក​ម្ល៉េះ។ ពីព្រោះ ក្បាល​រទេះ​ភ្លើង​អឺរ៉ុប គឺ​ប្រទេស​អាល្លឺម៉ង់​និង​ប្រទេស ​បារាំង​ឈប់​ដំណើរការ។

នៅ​អាល្លឺម៉ង់ លោកស្រី​ Angela Merkel ដែល​បាន​ជាប់​ឆ្នោត​ជា​នាយក​រដ្ឋមន្ត្រី ជាប់​រវល់​សម្រួល​ទំនាក់ទំនង​ជាមួយ​សហរដ្ឋ​អាមេរិក​ឡើង​វិញ ក្រោយ​ពី​ប្រទេស​ទាំង​ពីរ​បាន​បែរ​ខ្នង​ដាក់​គ្នា​អស់​ពីរ បី​ឆ្នាំ ព្រោះ​តែ​សង្គ្រាម ​Irak។ បារាំង​វិញ ក្រពុល​មុខ​ខ្លាំង ដោយ​ហេតុតែ​ប្រជាពលរដ្ឋ​របស់​ខ្លួន​បាន​ច្រាន​ចោល​រដ្ឋធម្មនុញ្ញ​អឺរ៉ុប នៅ​ឆ្នាំ​2005 ហើយ​ដោយ​ហេតុតែ​នៅ​ឆ្នាំ​2007 ប្រទេស​បារាំង​ត្រូវ​ជាប់​រវល់​បោះឆ្នោត​ប្រធានាធិបតី​ថែម​ទៀត ម្ល៉ោះហើយ​គ្មាន​ពេល​គិតគូរ​ពី​សហភាព​អឺរ៉ុប​ឡើយ។

នៅ​ឆ្នាំ​2007​ ដដែល​នោះ ក៏​មាន​ដែរ​បញ្ហា​នៅ​ក្នុង​បណ្ដា​ប្រទេស​សមាជិក​ដែល​ចេញ​ពី​អឺរ៉ុប​ខាង​កើត។ ប្រទេស ​Pologne ដែល​ដឹកនាំ​ដោយ​បងប្អូន​បង្កើត​ពីរ​នាក់ ម្នាក់​ជា​ប្រធានាធិបតី ម្នាក់​ទៀត​ជា​នាយក​រដ្ឋមន្ត្រី ខ្លាច ​Russie និង​មិន​ទុក​ចិត្ត ​Allemand ហើយ​ចង់​ស្និទ្ធស្នាល​

ជាមួយ​សហរដ្ឋ​ អាមេរិក។ ប្រទេស ​Tchèque វិញ ក៏​មាន​ជំហរ​ដូច​ប្រទេស ​Pologne ​អ៊ីចឹង​ដែរ។ ការពិត​ប្រទេស​ទាំង​ពីរ​នេះ​ប្រកាន់​ឫកពា​ជា​អ្នក​ជាតិ​និយម មិន​ចង់​បាន​ទេ​សមាហរណកម្ម​ខ្លាំង​ពេក​ទៅ​ក្នុង​សហភាព​អឺរ៉ុប។ ក្រៅ​ពី​នេះ​កិច្ច​ចរចា​ជាមួយ​ប្រទេស ​Turquie ដែល​ចង់​ចូល​ជា​សមាជិក​សហភាព​អឺរ៉ុប​ចោទ​ជា​បញ្ហា ពីព្រោះ​មាន​ការ​ប្រឆាំង​ពី​សំណាក់​សមាជិក​ខ្លះ​ និង​ការ​គាំទ្រ​ពី​សំណាក់​សមាជិក​ខ្លះ​ទៀត។ ទន្ទឹម​ជាមួយ​គ្នា​នេះ Pologne និង Lituanie ចេះ​តែ​ជំរុញ​ឲ្យ​សហភាព​អឺរ៉ុប​ទទួល​ប្រទេស ​Ukraine ​មក​ធ្វើ​ជា​សមាជិក។ ក៏​ប៉ុន្តែ សហភាព​អឺរ៉ុប​ស្ទាក់ស្ទើរ ព្រោះ​ខ្លាច ​Russie​ អន់​ចិត្ត។ ប្រទេស​ Ukraine ​ខ្លួន​ឯង ​ក៏​អល់អែក​ដែរ ម្តង​ចង់​ម្តង​មិន​ចង់​ចូល​ជ្រក​ក្រោម​ដំបូល​អឺរ៉ុប​រួម។ ទាំងនេះ ​ស្ដែង​ឲ្យ​ឃើញ​ថា ពី​ឆ្នាំ​2005​ ដល់ ​ឆ្នាំ2007 សហភាព​អឺរ៉ុប​ទៅ​មុខ​មិន​រួច គ្មាន​ជំហរ​រួម និង​អត់​ទម្ងន់​នៅ​លើ​ឆាក​អន្តរជាតិ។

យ៉ាងណា​ក៏​ដោយ ចាប់​ពី​ឆ្នាំ​ចុង​ឆ្នាំ​2008 ទៅ ផ្ទៃ​មេឃ​នៃ​សហភាព​អឺរ៉ុប​ចាប់ផ្តើម​ស្រឡះ​ឡើង​វិញ​បន្តិច​ម្តងៗ ដោយសារ​តែ​ប្រទេស​បារាំង។ ប្រទេស​បារាំង ក្រោម​ការដឹកនាំ​របស់​លោក​ប្រធានាធិបតី​​ថ្មី​ Nicolas Sarkozy ផ្តួចផ្តើម​តាក់តែង​សន្ធិសញ្ញា​មួយ​ថ្មី ដើម្បី​ជំនួស​រដ្ឋធម្មនុញ្ញ​អឺរ៉ុប​ឆ្នាំ2005 ​ដែល​ត្រូវ​បាន​បោះបង់​ចោល ដោយហេតុតែ​ពលរដ្ឋ ឬ​សភា​នៃ​ប្រទេស​សមាជិក​ខ្លះ​មិន​ព្រម​ឲ្យ​សច្ចាប័ន។

សន្ធិសញ្ញា ​ថ្មី​នេះ អនុម័ត​នៅ​ទីក្រុង​ Lisbonne នៅ​ថ្ងៃ​ទី13​ ធ្នូ​ ឆ្នាំ​២០០៧ និង​ចូល​ជា​ធរមាន​នៅ​ថ្ងៃ​ទី1 ​ធ្នូ​ ឆ្នាំ​2009 មាន​គោលដៅ​ផ្តល់​សន្ទុះ​ថ្មី​ដល់​ការបន្ត​កសាង​អឺរ៉ុប​រួម។ ជាក់ស្តែង សិទ្ធិ​ប្រើ​ Véto ពី​សំណាក់​បណ្តា​ប្រទេស​សមាជិក​ដើម្បី​ខ្ទប់​សេចក្តី​សម្រេចចិត្ត​រួម​ ផ្សេងៗ​ត្រូវ​បាន​កាត់​បន្ថយ ហើយ​ពី​អំណើះ​តទៅ​ប្រទេស​មួយ​ណា​ក៏​ដោយ​មាន​សិទ្ធិ​ដក​ខ្លួន​គ្រប់​ពេល​វេលា ចេញ​ពី​សហភាពអឺរ៉ុប។

សន្ធិសញ្ញា​ទីក្រុង ​Lisbonne ក៏​មាន​គោលដៅ​ពង្រឹង​អំណាច​របស់​សហភាព​អឺរ៉ុប នៅ​លើ​ឆាក​អន្តរជាតិ​ដែរ ដោយ​ចង់​ឲ្យ​អឺរ៉ុប​មាន​សំឡេង​រួម​គ្នា​តែ​មួយ​នៅក្នុង​ពិភពលោក តាមរយៈ​ការបង្កើត​តំណែង​ប្រធាន​អចិន្ត្រៃយ៍​នៃ​ក្រុម​ប្រឹក្សា​អឺរ៉ុប និង​ការបង្កើត​តំណែង​ឧត្តម​តំណាង​នៃ​សហភាព​អឺរ៉ុប​ទទួល​បន្ទុក​កិច្ចការ​ បរទេស និង​សន្តិសុខ។

ក៏ប៉ុន្តែ តាំង​ពី​ចុង​ឆ្នាំ2008 ​មក​ទល់​ត្រីមាស​ទី១​នៃ​ឆ្នាំ2010 ​នេះ ពួក​អ្នក​មិន​ទុក​ចិត្ត និង​មើល​ស្រាល​អឺរ៉ុប គឺ​ពួក ​Eurosceptiques ចាប់​ផ្តើម​ស្តី​បន្ទោស​សហភាព​អឺរ៉ុប​ជា​ថ្មី​ឡើង​វិញ។ ម្យ៉ាង គឺ​មក​អំពី​ក្នុង​ឱកាស​សន្និសីទ​អន្តរជាតិ ស្តី​ពី​ការប្រែប្រួល​អាកាសធាតុ នៅ​ទីក្រុង​Copenhague ក្នុង​ខែ​ធ្នូ​ឆ្នាំ​2009 ​ទឹកមាត់​របស់​អឺរ៉ុប​មិន​ប្រៃ នៅ​ចំពោះ​មុខ​សហរដ្ឋអាមេរិក និង​ប្រទេសចិន។ ម្យ៉ាងទៀត គឺ​មក​អំពី​តំណែង​ប្រធាន​អចិន្ត្រៃយ៍​នៃ​ក្រុមប្រឹក្សា​អឺរ៉ុប​ត្រូវ​បាន​ ប្រគល់​ទៅ​ឲ្យ​ជនជាតិ​Belgique Herman Van Rompuy ដែល​គ្មាន​បុគ្គលិក​លក្ខណៈ​ខ្លាំង និង​ដែល​គ្មាន​កិត្តិនាម នៅ​លើ​ឆាក​អន្តរជាតិ។ រីឯ​មូលហេតុ​ចុង​ក្រោយ​ដែល​ធ្វើ​ឲ្យ​គេ​ពិបាក​ជឿ​ទៅ​លើ​ឥទ្ធិពល​របស់​អឺរ៉ុប គឺ​អវត្តមាន​នៃ​សកម្មភាព​រួម​របស់​អឺរ៉ុប ដើម្បី​ជួយ​សង្គ្រោះ​ប្រជាជន​Haïti ក្រោយ​គ្រោះ​រញ្ជួយ​ដី នៅ​ខែ​មករា​កន្លង​ទៅ​នេះ។

ចង់​ឬ​មិន​ចង់ ទ្វីបអឺរ៉ុប​ទាំង​មូល និង​សហភាព​អឺរ៉ុប​ដាច់​ដោយ​ឡែក លែង​ជា​ដង្ហើម​នៃ​ពិភពលោក​ទៀត​ហើយ។ ពាក្យ​ស្លោក​ដែល​ថា អ្នកណា​ក្តាប់​អឺរ៉ុប អ្នកនោះ​ក្តាប់​ពិភពលោក មាន​ន័យ​ត្រឹមត្រូវ​ល្អ រហូត​ដល់​សម័យ​សង្រ្គាម​លោក​លើក​ទី​ពីរ។ វា​ក៏​នៅ​មាន​ន័យ​ដែរ ក្នុង​សម័យ​សង្រ្គាម​ត្រជាក់ នា​ពេល​ដែល​សហរដ្ឋអាមេរិក និង​សហភាព​សូវៀត ដណ្តើម​ឥទ្ធិពល​គ្នា​នៅ​គ្រប់​ជ្រុងជ្រោយ​ក្នុង​ពិភពលោក ពិសេស​នៅ​លើ​ទ្វីបអឺរ៉ុប​តែ​ម្តង។

ក៏​ប៉ុន្តែ ក្រោយ​សង្គ្រាម​ត្រជាក់ ពិភពលោក​បែក​ចេញ​ជា​ច្រើន ​Pôles មិនមែន​មាន ​Pôles​ភូមិសាស្ត្រ​នយោបាយ​តែ​ពីរ ដូច​ពី​ពេល​មុន​ទៀត​ទេ។ នៅ​ក្នុង​បរិបទ​នេះ សហភាពអឺរ៉ុប​ចោទ​សួរ​ខ្លួន​ឯង​ថា តើ​ត្រូវ​បន្ត​ពឹងពាក់​ឲ្យ​អាមេរិក​ជួយ​ការពារ​ខ្លួន ដូច​ក្នុង​សម័យ​សង្រ្គាម​ត្រជាក់ ឬ​ក៏​ត្រូវ​គិតគូរ​បង្កើត​កងទ័ព​អឺរ៉ុប​រួម​មួយ ដើម្បី​ការពារ​ខ្លួន​ឯង និង​ដើម្បី​ចេញ​ទៅ​ធ្វើ​អន្តរាគមន៍​នៅ​លើ​ទី​សមរភូមិ​នាៗ ក្នុង​ពិភពលោក ក្នុង​នាម​ជា​មហា​អំណាច​មួយ​នឹង​គេ​ដែរ​ឬ​ទេ?

តើ​ត្រូវ​បង្កើត​អឺរ៉ុប ​សហព័ន្ធន៍​Europe fédérale ឬ​អឺរ៉ុប​សមាគម​ប្រជាជាតិ Europe des Nations?

ចក្ខុនិមិត្ត ​ទាំង​ពីរ​នេះ នាំ​មក​នូវ​ការយល់​ឃើញ​ផ្សេង​គ្នា​អំពី​តួនាទី​របស់​សហភាពអឺរ៉ុប នៅ​ក្នុង​លោក។ នៅ​ម្ខាង អឺរ៉ុប​សហព័ន្ធន៍ មាន​មហិច្ឆតា​ក្លាយ​ជា​មហា​ប្រទេស​អឺរ៉ុប​តែ​មួយ ដែល​ចាំបាច់​ត្រូវ​តែ​ដើ​តួនាទី​ជា​មហា​អំណាច ដូច​សហរដ្ឋ​អាមេរិក ឬ​ក៏​ប្រទេស​ចិន​សព្វថ្ងៃ។ នៅ​ម្ខាង​ទៀត អឺរ៉ុប​សមាគម​ប្រជាជាតិ គ្រាន់​តែ​ចង់​ឲ្យ​បណ្តា​ប្រទេស​សមាជិក​សាមគ្គី​គ្នា​ដើម្បី​ការពារ​ អារ្យធម៌​អឺរ៉ុប ការពារ​គំរូ​អភិឌ្ឍន៍​មួយ ដោយ​មិន​ចាំបាច់​យក​ចិត្ត​ទុក​ដាក់ ទៅ​លើ​ការប្រែប្រួល​នយោបាយ​ឬ​ភូមិសាស្រ្ត​នយោបាយ​នៅ​ក្នុង​ពិភពលោក​អ្វី​ទេ ពីព្រោះ​គិតគូរ​អំពី​រឿង​ទាំង​អស់​នេះ គឺ​ជា​ភារកិច្ច​ផ្ទាល់​របស់​ប្រទេស​សមាជិក​នីមួយៗ​រៀងៗ​ខ្លួន៕

____________________________
អត្ថបទ​របស់ : វិទ្យុ​បារាំង​អន្តរជាតិ​ខេមរភាសា

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s