UN​បង្ហាញ​ពី​ការយកចិត្តទុកដាក់​ចំពោះ​បញ្ហានយោបាយ​ដែល​កំពុង​ជាប់គាំង​នៅក្នុង​ប្រទេស​កម្ពុជា​


អ្នកតាមដាន​ស្ថានការណ៍​នយោបាយ​នៅ​កម្ពុជា​បាន​កត់សម្គាល់ថា​​ការ​ជួប​ពិ​ភា​ ក្សា​​រវាង​​លោក បាន គី​មូ​ន អគ្គលេខាធិការ​អង្គ​ការ​ស​ហប្រជាជាតិ​ជាមួយ ​លោក ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​គណបក្ស​ចាញ់ឆ្នោត គឺជា​ការ​បង្ហាញថា​អង្គការសហប្រជាជាតិ​យកចិត្តទុកដាក់​ចំពោះ​ភាពជាប់គាំង​ នយោបាយ​នៅក្នុង​ប្រទេស​កម្ពុជា​។ ដោយហេតុថា​នៅក្នុង​កិច្ចពិភាក្សា​ទ្វេភាគី​នោះ​លោក បាន គី​មូ​ន បាន​ចោទសួរ​អំពី​មូល​ហេតុដែល​គណបក្ស​ស​ង្គ្រោះ​ជាតិ​មិន​ចូលរួម​ក្នុង​ កិច្ចប្រជុំសភា​ដំបូង​កាលពី​ថ្ងៃទី ២៣ ខែកញ្ញា ឆ្នាំ ២០១៣ ប៉ុន្តែ​លោក ហ៊ុន សែន មិនបាន​បកស្រាយ​ឱ្យបាន​ច្បាស់លាស់​ទេ​។ ការដេញដោល​របស់​អគ្គ​លេខាធិការ​អង្គការសហប្រជាជាតិ​ទាក់ទង​នឹង​រឿង​គណបក្ស​ សង្គ្រោះ​​ជាតិ​មិន​ចូលរួម​ក្នុង​កិច្ចប្រជុំសភា​លើកដំបូង ជាមួយ​គណបក្ស​ប្រជាជន គឺ​ភស្តុតាង​បង្ហាញថា​អង្គការសហប្រជាជាតិ​បាន​តាម​ដាន​ដោយ​យក ចិត្ត​ទុកដាក់​ចំពោះ​វិបត្តិ​នយោបាយ​នៅ​កម្ពុជា ក្រោយពេល​គណបក្ស​ប្រជាជន​ចាញ់ឆ្នោត ហើយ​លោក ហ៊ុន សែន ខំប្រឹង​ក្រាញ​អំណាច​ទៅតាម​មហិច្ឆតា​របស់ខ្លួន​។​

SG Press conference after delievering remarks at the ASEAN Summitលោក សុខ ទូច អ្នកវិភាគ​នយោបាយ​ឯករាជ្យ​បាន​យល់ឃើញថា ការលើកឡើង​របស់លោក បាន គី​មូ​ន ចំពោះ​បញ្ហា​មិន​ចូលរួម​ប្រជុំ​សភា​លើកដំបូង​របស់​គណបក្ស​សង្គ្រោះ​ជាតិ គឺជា​ការ​ដាស់តឿន​មួយ​ដល់​រដ្ឋាភិបាល​កម្ពុជា ឱ្យ​ដោះស្រាយ​បញ្ហានយោបាយ​ជាបន្ទាន់​ទៅតាម​អ្វីដែល​លោក សុរិយា ស៊ូ​ប៊ែ​រ​ឌី អ្នករាយការណ៍​ពិសេស​អង្គការសហប្រជាជាតិ​ទទួលបន្ទុក​សិទ្ធិមនុស្ស​ប្រចាំ​ កម្ពុជា បាន​លាត​ត្រ​ដាង​ជា​បន្តបន្ទាប់​។ ស្រប​នឹង​ការលើកឡើង​របស់លោក សុខ ទូច ដូច​ខាងលើនេះ​ក្រុមអ្នកវិភាគ​មួយចំនួន​បានបញ្ជាក់​ថា​លោក ហ៊ុន សែន មិនអាច​បិទបាំង​វិបត្តិ​នយោបាយ​នៅ​កម្ពុជា​ដែល​កើតឡើង​ក្រោយ​ការបោះឆ្នោត​ ថ្ងៃទី​២៨ ខែកក្កដា ឆ្នាំ​២០១៣​បានទេ​។​

​ក្រុមអ្នកវិភាគ​នយោបាយ​បាន​វាយតម្លៃថា​ជំនួប​រវាង​លោក បាន គី​មូ​ន និង​លោក ហ៊ុន សែន កាលពីពេល​ថ្មីៗ​កន្លងទៅនេះ​មាន​សារៈ​សំ​ខាន់​ខ្លាំងណាស់​ព្រោះ​អី​ អគ្គលេខាធិការ​អង្គការសហប្រជាជាតិ​បាន​យកចិត្តទុកដាក់​ចំពោះ​ជម្លោះ​រវាង​ គណបក្ស​ជាប់ឆ្នោត​ទាំងពីរ គឺ​គណបក្ស​សង្គ្រោះ​ជាតិ និង​គណបក្ស​ប្រជាជន​កម្ពុជា​។ ភាពមិនប្រក្រតី​នៃ​ការបោះឆ្នោត​ត្រូវបាន​លោក សុរិយា ស៊ូ​ប៊ែ​រ​ឌី លាតត្រដាង​នៅក្នុង​កិច្ចប្រជុំ​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​ អង្គការសហប្រជាជាតិ​នាទី​ក្រុង​ហ្សឺ​ណែវ ប្រទេស​ស្វី​ស​រួចទៅហើយ ដូច្នេះ​លោក ហ៊ុន សែន មិនអាច​លាក់បាំង​បានឡើយ​។ ជាងនេះទៅទៀត​អង្គការសហប្រជាជាតិ​បានដឹង​យ៉ាងច្បាស់​អំពី​រឿង​គណបក្ស​ប្រជាជន ​កម្ពុជា​របស់​លោ​ក ហ៊ុន សែន ចាញ់ឆ្នោត ព្រោះ​គណបក្ស​ប្រជាជន​បាន​ច្រានចោល​សំណើ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ក្នុង​ ការបង្កើត​គណៈ​កម្មកា​រ​ចម្រុះ​ឯករាជ្យ ដើម្បី​ដោះស្រាយ​ភាពមិនប្រក្រតី​នៃ​ការបោះឆ្នោត​រក​យុត្តិធម៌​ជូន​ ប្រជាពលរដ្ឋ​។ អង្គការសហប្រជាជាតិ​អាច​វាយតម្លៃ​បាន​ថា​ប្រសិនបើ​គណបក្ស​ប្រជាជន​ឈ្នះឆ្នោត ​ស្របតាម​ឆន្ទៈ​ប្រជាពលរដ្ឋ គឺ​គ្មាន​ហេតុផល​អ្វី​ត្រូវ​ច្រានចោល​សំណើ​បង្កើត​គណៈកម្មការ​ចម្រុះ​​ ឯករាជ្យ​ដើម្បី​រក​យុត្តិធម៌​ជូន​ពលរដ្ឋ​នោះទេ​។​

គួររំលឹកថា​កាលពី​ថ្ងៃទី​២៤ ខែ កញ្ញា ឆ្នាំ​២០១៣ គឺ​ចំ​ថ្ងៃ​ដែល​រដ្ឋសភា​ឯក​បក្ស​របស់​គណបក្ស​ប្រជាជន​បើក​កិច្ចប្រជុំ​ បង្កើត​រដ្ឋាភិបាល​មិន​ស្របច្បាប់ លោក សុរិយា ស៊ូ​ប៊ែ​រ​ឌី អ្នករាយការណ៍​ពិសេស​អង្គការសហប្រជាជាតិ​ទទួលបន្ទុក​សិទ្ធិមនុស្ស​ប្រចាំ​ កម្ពុជា​បាន​សម្តែង​នូវ​ការសោកស្តាយ ព្រោះ​សម័យប្រជុំ​សភា​លើកដំបូង​ពុំមាន​ការចូលរួម​ពី​គណបក្ស​សង្គ្រោះ​ជាតិ​។ លោក សុរិយា ស៊ូ​ប៊ែ​រ​ឌី បាន​ថ្លែង​ទៅ​កាន់​​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​អង្គការសហប្រជាជាតិ​ថា រដ្ឋសភា​ដែល​តំណាងឱ្យ​ប្រជាពលរដ្ឋ​កម្ពុជា​ពិតប្រាកដ គឺមាន​សារៈសំខាន់​ដោយ​មាន​ការចូលរួម​ពី​គណបក្សនយោបាយ​ទាំងពីរ​ដែល​ទទួលបាន​ អាសនៈ​ក្នុង​រដ្ឋសភា​។ ជាមួយគ្នានេះ​លោក សុរិយា ស៊ូ​ប៊ែ​រ​ឌី បាន​ជំរុញ​ឱ្យ​គណបក្ស​ជាប់ឆ្នោត​ទាំងពីរ​គឺ​គណបក្ស​សង្គ្រោះ​ជាតិ និង​គណបក្ស​ប្រជាជន​កម្ពុជា​បន្ត​ជជែក​គ្នា​ដើម្បី​ដោះស្រាយ​ភាពមិនប្រក្រតី ​នៃ​ការ​បោះឆ្នោត​កុំឱ្យ​មាន​ភាព​តានតឹង​បន្តទៀត​។​

ការជំរុញ​របស់លោក សុរិយា ស៊ូ​ប៊ែ​រ​ឌី ឱ្យ​គណបក្ស​ជាប់ឆ្នោត​ទាំងពីរ​ក្នុងប្រទេស​កម្ពុជា​ដោះស្រាយ​ភាពជាប់គាំង​ ផ្នែក​នយោបាយ​ត្រូវ​បាន​​អ្នកសង្កេតការណ៍​ឯករាជ្យ​ទទួលស្គាល់ថា​ជា​រឿង​ សមស្រប ព្រោះ​អ្វីៗ​កើតឡើង​ដោយសារតែ​គណបក្ស​ប្រជាជន​ចាញ់ឆ្នោត​ហើយ​មិន​ហ៊ាន​ ទទួលស្គាល់​ការពិត រួច​បន្ត​ក្រាញ​អំណាច​បំពាន​លើ​ឆន្ទៈ​ប្រជាពលរដ្ឋ​ដោយ​ឥត​អៀនខ្មាស​។ ដូច្នេះ​ជំនួប​រវាង​លោក បាន គី​មូ​ន និង​លោក ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​គណបក្ស​ចាញ់ឆ្នោត​កាលពី​ថ្ងៃទី​១០ ខែតុលា ឆ្នាំ​២០១៣ គឺ​អង្គការសហប្រជាជាតិ​បានបង្ហាញ​អំពី​ការយកចិត្តទុកដាក់​ចំពោះ​ស្ថានភាព​ នយោបាយ​នៅ​កម្ពុជា ព្រោះ​លោក បាន គី​មូ​ន បាន​ចោទសួរ​លោក ហ៊ុន សែន ករណី​គណបក្ស​សង្គ្រោះ​ជាតិ​មិន​ចូលរួម​ប្រជុំ​សភា​ដំបូង​។ នៅពេល​ដឹង​ការពិតហើយ លោក​បាន គី​មូ​ន អាចជួយ​ធ្វើជា​អាជ្ញាកណ្តាល​ក្នុងការ​ដោះស្រាយ​វិបត្តិ​នយោបាយ​នៅ​កម្ពុជា​ កុំឱ្យ​មាន​ភាព​តានតឹង​តទៅទៀត​។​

មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល​មួយចំនួន​បាន​ទទួលស្គាល់ថា​ជំនួប​ផ្ទាល់​ រវាង​លោក បាន គី​មូ​ន និង​លោក​ហ៊ុន សែន កាលពីពេល​ថ្មីៗ​នេះ គឺ​ប្រមុខ​អង្គការសហប្រជាជាតិ​អាច​ជំរុញ​ឱ្យ​លោក ហ៊ុន សែន អនុវត្តន៍​តាម​អនុសាសន៍​របស់​អង្គការសហប្រជាជាតិ​នាពេល​កន្លងមក​។ ជាពិសេស​អង្គការសហប្រជាជាតិ​អាច​ជំរុញ​ឱ្យ​គណបក្ស​ប្រជាជន​កម្ពុជា​យល់ព្រម​ បង្កើត​គណៈកម្មការ​ចម្រុះ​ឯករាជ្យ​ស៊ើបអង្កេត​ភាព​មិន​ប្រក្រតី​នៃ​ ការបោះឆ្នោត ដើម្បីឱ្យ​ប្រជាពលរដ្ឋ​ម្ចាស់ឆ្នោត​បាន​អស់ចិត្ត​ផងដែរ​។ ប៉ុន្តែ​ទោះជា​យ៉ាងណា​គេ​ឃើញ​មន្ត្រីជាន់ខ្ពស់​គណ​បក្ស​ប្រជាជន​កម្ពុជា​មិន ​ហ៊ាន​លាតត្រដាង​ឱ្យបាន​ច្បាស់លាស់​ចំពោះ​អនុសាសន៍​របស់លោក បាន គី​មូ​ន ជំរុញ​ឱ្យ​លោក ហ៊ុន សែន អនុវត្តន៍​នោះទេ​។ មិនតែប៉ុណ្ណោះ​មន្ត្រីជាន់ខ្ពស់​គណបក្ស​ប្រជាជន​បាន​និយាយ​តែមួយ​ជ្រុង​ថា​ អគ្គលេខាធិការ​អង្គការសហប្រជាជាតិ​លោក បាន គី​មូ​ន គាំទ្រ​ថា ដំណើរការ​បោះឆ្នោត​នៅ​កម្ពុជា​ប្រព្រឹត្ត​ទៅដោយ​សេរី ត្រឹមត្រូវ​និង​យុត្តិធម៌​។ ចំណែក​សំណូមពរ​របស់លោក បាន គី​មូ​ន ជំរុញ​ឱ្យ​លោក ហ៊ុន សែន ដោះស្រាយ​វិបត្តិ​នយោបាយ​ក្រោយ​ការបោះឆ្នោត​នោះ មិនត្រូវ​បាន​គេ​លាតត្រដាង​ជា​សាធារណៈ​ឡើយ​។​

Mam_Sonongdor_Humanrigth_Court_CEN_14_12_12-2រយៈពេល​ប៉ុន្មាន​ថ្ងៃ​កន្លងទៅនេះ​លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ដែលជា​គណបក្ស​ឈ្នះឆ្នោត​បាន​បំពេញបេសកកម្ម​ការ ​ទូត​​យ៉ាងខ្លាំង​ក្លា​នៅលើ​ឆាក​អន្តរជាតិ​ដោយ​ជំរុញ​កុំឱ្យ​សហគមន៍​ អន្តរជាតិ​ទទួលស្គាល់​រដ្ឋាភិបាល​ក​ម្ពុ​ជា ដឹកនាំ​ដោយ​លោក ហ៊ុន សែន​។ លោក សម រង្ស៊ី បាន​ប្រាប់​សហគមន៍​អន្តរជាតិ​ទៀតថា រដ្ឋាភិបាល​កម្ពុជា​ដឹកនាំ​ដោយ​លោក ហ៊ុន សែន គឺជា​រដ្ឋាភិបាល​មិន​ស្របច្បាប់ បង្កើតឡើង​ដោយ​បំពាន​លើ​រដ្ឋធម្មនុញ្ញ និង​សន្ធិសញ្ញា​សន្តិភាព​ទីក្រុង​ប៉ារីស​។ បេសកកម្ម​ការទូតរ​ប​ស់លោក សម រង្ស៊ី មានការ​គាំទ្រ​យ៉ាង​ខ្លាំងក្លា​ពី​សហគមន៍​អន្តរជាតិ ព្រោះ​សូម្បីតែ​លិខិត​របស់​នាយករដ្ឋមន្ត្រី​បារាំង និង​នាយករដ្ឋមន្ត្រី​អូស្ត្រាលី​ផ្ញើជូន​លោក ហ៊ុន សែន ក៏​ជំរុញឱ្យមាន​ការដោះស្រាយ​វិបត្តិ​នយោបាយ​នៅ​កម្ពុជា​ដែរ​។ ការជំរុញ​របស់​សហ​គម​ន៍​អន្តរជាតិ​មិនមែនជា​រឿង​ដែល​លោក ហ៊ុន សែន អាច​មើលរំលង​បានឡើយ ព្រោះ​សហគមន៍​អន្តរជាតិ​បានចាត់ទុក​កិច្ចព្រមព្រៀង​ក្រុងប៉ារីស​ជា​គ្រឹះ​នៃ ​សន្តិភាព និង​លទ្ធិ​ប្រ​ជា​ធិបតេយ្យនៅ​កម្ពុជា​។​

ក្រុមអ្នកតាមដាន​ស្ថានភាព​នយោបាយ​នៅ​កម្ពុជា​បាន​វាយតម្លៃថា​ជំនួប​រវាង​លោក បាន គី​មូ​ន និង​លោក ហ៊ុន សែន ក្រៅ​កិច្ចប្រជុំ​អង្គ​ការ​សហប្រជាជាតិ​-​អាស៊ាន កាលពី​ថ្ងៃទី​១០ ខែតុលា ឆ្នាំ​២០១៣ មាន​សារៈសំខាន់​ក្នុងការ​បង្ហាញថា អង្គការសហប្រជាជាតិ​យក​ចិត្ត​ទុកដាក់​ចំពោះ​បញ្ហានយោបាយ​នៅ​កម្ពុជា​។ ដោយហេតុថា​នៅក្នុង​កិច្ចប្រជុំ​នោះ​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ​បាន​ សួរដេញដោល​អំពី​ករណី​គណបក្ស​សង្គ្រោះ​ជាតិ​មិន​ចូលរួម​ប្រជុំ​សភា ហើយ​រក្សា​ជំហរ​ស្វែងរក​យុត្តិធម៌​ជូន​ប្រជាពលរដ្ឋ​ម្ចាស់ឆ្នោត​។ ដូច្នេះ​ក្រោយ​ជំនួប​ជាមួយ​ប្រមុខ​អង្គការសហប្រជាជាតិ គឺ​លោក ហ៊ុន សែន មិនអាច​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​របស់ខ្លួន​បានទេ ព្រោះ​អង្គការសហប្រជាជាតិ​បាន​ដឹង​យ៉ាងច្បាស់​អំពី​ស្ថានភាព​នយោបាយ​នៅ​ កម្ពុជា​។ បើ​មិន​ដូច្នេះ​ទេ រដ្ឋាភិបាល​មិន​ស្របច្បាប់​របស់លោក ហ៊ុន សែន ត្រូវ​ប្រឈម​នឹង​វិបត្តិ​សព្វបែបយ៉ាង​ជាមិនខាន ព្រោះ​ប្រជាពលរដ្ឋ​កម្ពុជា ក៏​មិន​គាំទ្រ​រដ្ឋាភិបាល​មិន​ស្របច្បាប់​នេះដែរ​៕​

Frome khfreed

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s