Video

មូលហេតុ​យុវជន​មួយ​ចំនួន​មិន​តវ៉ា​ចំពោះ​ការ​បង្ខំ​ឲ្យ​ចូលរួម​គណបក្ស​នយោបាយ


មូលហេតុ​យុវជន​មួយ​ចំនួន​មិន​តវ៉ា​ចំពោះ​ការ​បង្ខំ​ឲ្យ​ចូលរួម​គណបក្ស​នយោបាយ

យុវវ័យ​ជា​វ័យ​ដែល​ចង់​ចេះ​ចង់​ដឹង ចង់​សាក​ល្បង និង​ក្លាហាន ឬ​ប្រកែក​នូវ​អ្វី​ដែល​ខ្លួន​មិន​ពេញ​ចិត្ត។1044542_377401832360813_385607610_n

ផ្ទុយ​ទៅ​វិញ ក្នុង​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​នីតិកាល​ទី​៥​នេះ គេ​សង្កេត​ឃើញ​ថា ក្រុម​យុវវ័យ

​មួយ​ចំនួន​ដែល​ជា​គោលដៅ​សម្រាប់​ពង្រឹង​វិសាលភាព​បក្ស​នយោបាយ ហាក់​មិន​មាន​ប្រតិកម្ម​តវ៉ា

ឬ​បដិសេធ​ចំពោះ​ការ​ហៅ​ឲ្យ​ចូលរួម​ក្នុង​សកម្មភាព​គណបក្ស​នយោបាយ​ដែល​ខ្លួន​ មិន​ពេញ​ចិត្ត​សោះ។

តើ​កត្តា​ទាំង​នេះ​បណ្ដាល​មក​ពី​មូលហេតុ​អ្វី​ខ្លះ?

ក្នុង​អំឡុង​ពេល​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​អាណត្តិ​នេះ យុវជន គឺ​ជា​ក្រុម​គោលដៅ និង​ជា​ទី​ចាប់​អារម្មណ៍​របស់​គណបក្ស​នយោបាយ ក្នុង​ការ​ពង្រឹង​វិសាលភាព​របស់​ខ្លួន និង​ទាញ​រក​សំឡេង​ឆ្នោត​គាំទ្រ។ ក៏ប៉ុន្តែ ទោះ​បី​ពេញ​ចិត្ត ឬ​មិន​ពេញ​ចិត្ត​ចូលរួម​ក្នុង​សកម្មភាព​នយោបាយ​ក៏ដោយ ក៏​យុវវ័យ​មិន​សូវ​មាន​ប្រតិកម្ម​តប​ចំពោះ​ការ​ទាក់ទាញ​ពី​គណបក្ស​នយោបាយ​ ទេ។

មាន​កត្តា​ធំ​ចំនួន​បី ដែល​ជំរុញ​អោយ​យុវជន​មិន​សូវ​ប្រតិកម្ម​ចំពោះ​ការ​ទាក់ទាញ​ចូលរួម​សកម្មភាព​ នយោបាយ។ ទី​មួយ គឺ​អំណាច​ទឹក​ប្រាក់។ ទី​ពីរ គឺ​ខ្លាច​មិន​អាច​រៀន​ចប់ ឬ​ប៉ះពាល់​ដល់​ការ​សិក្សា និង​ទី​បី ត្រូវ​តែ​ធ្វើ ព្រោះ​មិន​ដឹង​ថា​អំពើ​នោះ​ប៉ះពាល់​ដល់​អនាគត​ខ្លួន និង​ប្រទេស​ជាតិ​ខ្លួន​ឬ​ក៏​អត់។

យុវជន​មួយ​រូប​សុំ​មិន​បញ្ចេញ​ឈ្មោះ ដែល​ជា​សមាជិក​នៃ​ក្រុម​សមាគម​និស្សិត​នៃ​សកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ បាន​លើក​ឡើង​ថា ការ​កៀងគរ​និស្សិត​ក្នុង​សកលវិទ្យាល័យ គឺ​ចាប់​ផ្ដើម​ចេញ​ពី​សមាជិក​ដែល​ជា​យុវជន​ធ្វើ​ការ​ក្នុង​ក្រុម​នានា​ដែល​ មាន​ស្រាប់​នៅ​ក្នុង​សាលា៖ «មុន​ដំបូង គេ​អោយ​យើង​ចូល​ជា​សមាជិក​កាក​បាទ​ក្រហម។ កាក​បាទ​ក្រហម​ហើយ គឺ​ចូល​ទៅ​ហើយ គេ​អោយ​សំបុត្រ​បក្ស ដល់​ពេល​ចូល​បក្ស​ហើយ គេ​កត់​ឈ្មោះ​កត់​លេខ​ទូរស័ព្ទ​អី​អស់​ហើយ ប្រជុំ​ម្ដង​ពីរ​ដង​ហើយ លើក​ក្រោយ​មាន​ការ​អី ដូច​ការ​បោះឆ្នោត​អ៊ីចឹង គេ​ហៅ​តាម​លេខ​ទូរស័ព្ទ​អ៊ីចឹង គេ​ចុច​ហៅ​អ៊ីចឹង ហើយ​អោយ​ស្ម័គ្រចិត្ត តែ​ស្ម័គ្រចិត្ត​អ៊ីចឹង គឺ​អោយ​ប្រាក់ អោយ​លុយ​អោយ​អីហ្នឹង​ហើយ អ្វី​ដែល​ខ្ញុំ​ធ្លាប់​ជួប​ហ្នឹង ដល់​ពេល​ហែ​គណបក្ស​បាន​លុយ​អ៊ីចឹង​ទៅ​ហ្នឹង​គេ​ហ្នឹង​ឯង​ទៅ»

ការ​ទាក់ទាញ​ដោយ​ការងារ​ផ្សេងៗ​នៅ​ក្នុង​សាលា​ទៅ​ដល់​យុវជន គឺ​ជា​ជំហាន​ដំបូង​ដែល​យុវជន​ចាប់​ផ្ដើម​ធ្វើ​នៅ​ក្នុង​ឆាក​នយោបាយ ប៉ុន្តែ​ក្រោយ​មក​មិន​ដឹង​ថា​ត្រូវ​ចេញ​យ៉ាង​ម៉េច តែ​ចេះ​តែ​ធ្វើ​ទៅ ព្រោះ​ចង់​អោយ​ខ្មែរ​ចេះ​រួបរួម​គ្នា និង​ជៀសវាង​ជម្លោះ​រវាង​ខ្មែរ និង​ខ្មែរ៖ «ឥឡូវ​នេះ ខ្ញុំ​ចូល​កាក​បាទ​ក្រហម និង​បក្ស​នយោបាយ​ដែរ តែ​ខ្ញុំ​អត់​សូវ​ពេញ​ចិត្ត​ជាមួយ​នឹង​ការងារ​របស់​គាត់ ដោយសារ​អី ដោយសារ​ខ្ញុំ​អត់​ចង់​លម្អៀង ហើយ​មើល​ទៅ​ខ្ញុំ​អត់​ពេញ​ចិត្ត ហើយ​បើ​រឿង​ខុស​ហើយ ខ្ញុំ​អត់​ចង់​ខុស ហើយ​ទៅ​ធ្វើ​ទៀត ហើយ​ខ្ញុំ​ក៏​មិន​មែន​ថា​គណបក្ស​កាន់​អំណាច ឬ​ម៉េច​នោះ​ទេ ខ្ញុំ​អត់​ចង់​ថា ខ្ញុំ​ចូល​ទៅ​បក្ស​ខាង​ណា​ខាង​ណា​នោះ​ទេ ដូច​ខ្ញុំ​ថា​អ៊ីចឹង ទោះ​ជា​អ្នក​ណា​ឡើង​ក៏​ជា​ខ្មែរ​ដែរ ក៏ប៉ុន្តែ​ខ្ញុំ​អត់​ចង់​អោយ​ខ្មែរ​ឈ្លោះ​គ្នា​នោះ​ទេ ទាក់ទង​នឹង​រឿង​នយោបាយ​នោះ»

ភាព​ហៃ​អើៗ ឬ​មិន​អើពើ​ក្នុង​ការ​តវ៉ា​ប្រឆាំង ឬ​ចេះ​តែ​ធ្វើៗ​ទៅ​តាម​គេ ជា​រឿង​មួយ​ដែល​យុវជន​ត្រូវ​តែ​ធ្វើ ព្រោះ​ថា​មិន​ត្រឹម​តែ​មិន​ប៉ះពាល់​ដល់​គាត់​ទេ គឺ​ថែម​ទាំង​បាន​ថវិកា​មួយ​ចំនួន​ទៀត​ផង ប៉ុន្តែ​យ៉ាង​ណា​ក៏ដោយ ក៏​មិន​ភ្លេច​ទៅ​បោះឆ្នោត​តាម​ឆន្ទៈ​របស់​ខ្លួន​ក្នុង​ការ​ចូលរួម​បោះឆ្នោត​ នោះ​ទេ៖ «ខ្ញុំ​អត់​ទេ ឥឡូវ​ខ្ញុំ​អត់​ប៉ះពាល់​នយោបាយ​ទាំងអស់។ ខ្ញុំ​ស្តាប់ តែ​ខ្ញុំ​អត់​ទៅ​ណា​ទាំងអស់ ពេល​ខ្លះ​ខ្ញុំ​ទៅ​កន្លែង​កន្លែង​កណ្ដាល​ដែរ ខ្ញុំ​ចាំ​មើល មើល​ខ្ញុំ​បោះ​អោយ​អ្នក​ណា ខ្ញុំ​បោះ​អោយ​អ្នក​ហ្នឹង​ហើយ។ ខ្ញុំ​គិត​ក្នុង​ចិត្ត​ខ្ញុំ តែ​ខ្ញុំ​អត់​មាន​ហែ​បក្ស​ណា​ទាំងអស់ បោះឆ្នោត​ខ្ញុំ​ត្រូវ​តែ​ទៅ កាតព្វកិច្ច​ជា​ពលរដ្ឋ​ម្នាក់ ខ្ញុំ​ត្រូវ​តែ​បោះ​រើស​តំណាង​ដែល​ខ្ញុំ​ស្រឡាញ់ ខ្ញុំ​មើល មើល​ទាំងអស់ ត្រូវ​អត់? អា​សកម្មភាព​ដែល​គាត់​ធ្វើ​ហ្នឹង វា​ត្រូវ​អត់? ដូច​អី​ដែល​គាត់​និយាយ​អត់»

ចំណែក​ឯ​សិស្ស​សាលា​វិទ្យាល័យ​ជាច្រើន​នាក់ ដែល​ស្ថិត​នៅ​ក្នុង​ទី​រួម​ខេត្ត​កំពង់ចាម បាន​ប្រាប់​វិទ្យុ​អាស៊ីសេរី ស្រដៀង​គ្នា​ថា មាន​ការ​កៀងគរ​ទាំង​សិស្ស និង​គ្រូ អោយ​ចូលរួម​ហែ​ឃោសនា​គណបក្ស​នយោបាយ ដោយ​មាន​ការ​ដោះដូរ​ជា​ថវិកា ឬ​ថ្លៃ​សាំង។ ទោះ​ជា​យ៉ាង​ណា​ក៏ដោយ បើ​តាម​ឆន្ទៈ​របស់​ពួក​គេ​ផ្ទាល់ គឺ​មិន​ចង់​ឡើយ តែ​ពេល​ខ្លះ​មិន​អាច​ប្រកែក​បាន​ឡើយ ដោយសារ​តែ​មូលហេតុ​សុវត្ថិភាព​ជាដើម។

យុវជន​មួយ​រូប​សុំ​មិន​បញ្ចេញ​ឈ្មោះ ដែល​កំពុង​រៀន​នៅ​វិទ្យាល័យ​មួយ​ក្នុង​ខេត្ត​កំពង់ចាម បាន​បញ្ជាក់​បែប​នេះ៖ «គណបក្ស ​កាន់​អំណាច គឺ​គេ​អោយ​ចូល​ជា​សមាជិក​បក្ស​របស់​គេ​តែ​ម្ដង ហើយ​ពេល​ទៅ​ហែ​ហ្នឹង គេ​អាច​អោយ​ជា​ថវិកា ហើយ​និង​ថ្លៃ​សាំង​ថ្លៃ​អី​អ៊ីចឹង បើ​យើង​ជួយ​ហែ​គេ។ ចំពោះ​ខ្ញុំ បើ​គណបក្ស​ដែល​ខ្ញុំ​ស្រឡាញ់ គោល​នយោបាយ​ដែល​ខ្ញុំ​ស្រឡាញ់ ខ្ញុំ​នឹង​ជួយ​ហែ ប៉ុន្តែ​ចំពោះ​គណបក្ស​ដែល​ខ្ញុំ​មិន​ស្រឡាញ់ បើ​តាម​គំនិត និង​មនសិការ​របស់​ខ្ញុំ ខ្ញុំ​មិន​ចង់​ទៅ​ហែ ប៉ុន្តែ​ពេល​ខ្លះ​វា​ជា​ករណី​កិច្ច​ត្រូវ​ខាន​មិន​បាន គិត​លើ​សុវត្ថិភាព​របស់​យើង​ផ្ទាល់ យើង​អាច​ចូលរួម​ជាមួយ​គេ ប៉ុន្តែ​នៅ​ពេល​យើង​បោះឆ្នោត គឺ​ការ​សម្រេច​ចិត្ត​របស់​យើង យើង​បោះ​អោយ​គណបក្ស​ណា​ដែល​យើង​ស្រឡាញ់»

ការ​និយាយ​រឿង​នយោបាយ​នៅ​ទី​សាធារណៈ ជា​អ្វី​មួយ​ដែល​យុវជន​ភាគ​ច្រើន​បាន​ដឹង និង​ឮ​ពី​សំណាក់​មនុស្ស​ចាស់ ថា​មិន​គួរ​និយាយ​ឡើយ​ព្រោះ​វា​អាច​មាន​អសន្តិសុខ​សម្រាប់​ខ្លួន។ ទន្ទឹម​នឹង​រឿង​ទាំងអស់​នេះ​ដែរ ក៏​នៅ​មាន​យុវវ័យ​មួយ​ចំនួន​ទៀត ក្លាហាន​ហ៊ាន​ប្រកែក​មិន​ព្រម​ចូលរួម និង​បញ្ចេញ​មតិ​យោបល់​ជា​សាធារណៈ​ទៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក (Facebook) ជាដើម៖ «ភាគ​ច្រើន មិត្តភក្ដិ​របស់​ខ្ញុំ​គេ​មិន​សូវ​ហ៊ាន​និយាយ គេ​និយាយ​ដែរ​និយាយ​តែ​គ្នា​ឯង​អ្នក​ស្គាល់ៗ​គ្នា។ ចំពោះ​អ្នក​ដែល​គេ​មិន​ស្គាល់ គេ​មិន​និយាយ​តែ​ម្ដង ព្រោះ​វា​អាច​ទាក់ទង​សុវត្ថិភាព​ផ្ទាល់​ខ្លួន​តែ​ម្ដង។ ណា​មួយ​ឪពុក​ម្ដាយ​គេ​ហាម​ឃាត់​មិន​អោយ​និយាយ​តែ​ម្ដង តែ​អ្នក​ខ្លះ​គេ​នៅ​តែ​និយាយ ព្រោះ​ថា​វា​ជា​បញ្ហា​របស់​ជាតិ។ អ៊ីចឹង​គេ​ត្រូវ​គិត​ប្រយោជន៍​ជាតិ​ជាង​ប្រយោជន៍​ផ្ទាល់​ខ្លួន គេ​អាច​បញ្ចេញ​មតិ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​លក្ខណៈ​បិទ អត់​សូវ​បើក​ចំហ​ទេ»

បើ​ផ្អែក​លើ​ផ្លូវ​ច្បាប់ តាម​ការ​កំណត់​របស់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​វិញ គឺ​ជា​ការ​ខុស​ច្បាប់ បើ​ជន​ណា​ម្នាក់​ហ៊ាន​បង្ខិត​បង្ខំ​បុគ្គល​រូប​ណា​អោយ​ចូលរួម​ឃោសនា​ បោះឆ្នោត និង​ទទួល​ទោស​ដោយ​ការ​លុប​ឈ្មោះ​ចេញ​ពី​បញ្ជី​នៃ​ការ​បោះឆ្នោត និង​ទទួល​ទណ្ឌកម្ម​ខាង​រដ្ឋបាល​ជាដើម។

លោក សួន យុធ្យា មន្ត្រី​ច្បាប់ និង​តស៊ូ​មតិ​នៃ​អង្គការ​ខុមហ្វែល (Comfrel) បាន​បញ្ញាក់​បន្ថែម​អោយ​វិទ្យុ​អាស៊ីសេរី ដឹង​ថា​សកម្មភាព​បង្ខិត​បង្ខំ​គេ​គឺ​ខុស៖ «ខ្ញុំ​និយាយ​ក្នុង​ក្របខ័ណ្ឌ​ បោះឆ្នោត​តែ​ម្តង ការ​បើ​បង្ខំ​ជន​ណា​មួយ​ត្រូវ​បាន​គេ​បង្ខំ​អោយ​ធ្វើ​អ្វី​មួយ បង្ខំ​អោយ​ទៅ​ឃោសនា បង្ខំ​អោយ​ទៅ​បោះឆ្នោត អោយ​គូស​សន្លឹក​ឆ្នោត​អោយ​ទៅ​អ្នក​នេះ អោយ​ទៅ​អ្នក​នោះ ហើយ​បើ​គេ​នោះ​មិន​ធ្វើ គេ​គំរាម​ថា​នឹង​ធ្វើ​អ្វី​ផ្សេងៗ​ទាក់ទង​ទៅ​នឹង​ផល​ប្រយោជន៍​ខាង​ សេដ្ឋកិច្ច សង្គមកិច្ច ឬ​ក៏​ជា​ស្ថានភាព​ជា​បុគ្គល​របស់​គាត់​ផ្ទាល់​ក្នុង​សង្គម។ ច្បាប់​បោះឆ្នោត​នឹង​ត្រូវ​ផ្ដន្ទាទោស​ជន​ដែល​បង្ខំ​គេ​នោះ អា​ហ្នឹង​បើ​និយាយ​ក្របខ័ណ្ឌ​ច្បាប់»

ទាក់ទង​បញ្ហា​នេះ​ដែរ អង្គការ​សង្គម​ស៊ីវិល​មួយ​ចំនួន តួ​យ៉ាង​ដូច​ជា​អង្គការ អភិវឌ្ឍន៍​ធនធាន​យុវជន មាន​ទស្សនៈ​បែង​ចែក​យុវជន​ដែល​ចូលរួម​ក្នុង​ឆាក​នយោបាយ​ជា​ពីរ​ប្រភេទ​ធំៗ គឺ​យុវជន​ដែល​គេ​ទិញ ឬ​អាច​ផ្តល់​ប្រយោជន៍​អោយ និង​ក្រុម​យុវជន​ដែល​ប្រើប្រាស់​បេះដូង​ផ្ទាល់​ក្នុង​ការ​ចូលរួម​នយោបាយ។ ហើយ​ក្រុម​ទី​ពីរ​នេះ​ចែក​ជា​បី​ប្រភេទ​តូចៗ​ទៀត គឺ​ទី​មួយ ក្រុម​ដែល​តម្កល់​សារប្រយោជន៍​ជាតិ​ជា​ចម្បង។ ទី​ពីរ ក្រុម​យុវជន​ដែល​ចង់​ដើរ​តួ និង​ធ្វើ​អ្នក​នយោបាយ និង​ក្រុម​ទី​បី គឺ​ក្រុម​ដែល​អាច​ចាប់​យក​ឱកាស និង​អត្ថប្រយោជន៍​ពី​នយោបាយ​នេះ គឺ​ក្រុម​យុវជន​បក្ស​តែ​ម្តង។

នាយក​ប្រតិបត្តិ​នៃ​អង្គការ​អភិវឌ្ឍន៍​ធនធាន​យុវជន (YRDP) លោក ជាង សុខា បាន​លើក​ឡើង​ថា បើ​យុវជន​ចង់​ចូល​ប្រឡូក​ក្នុង​ឆាក​នយោបាយ យុវជន​គួរ​ណាស់​យល់​ដឹង​អោយ​បាន​ច្បាស់​ពី​គោលការណ៍ និង​គោល​នយោបាយ​នៃ​គណបក្ស​នីមួយៗ ថា​តើ​គោលការណ៍​នៃ​គណបក្ស​នីមួយៗ​មាន​បាន​ចែង​ច្បាស់​ជាក់​លាក់​ពី​គោល​ នយោបាយ​ដែល​ផ្ដោត​ទៅ​លើ​យុវជន អោយ​ស្រប​ទៅ​នឹង​អ្វី​ដែល​គេ​តែង​លើក​ឡើង​ថា យុវជន​ជា​សសរ​ទ្រូង​ប្រទេស​ជាតិ បើ​មិន​មាន​គោលការណ៍​ច្បាស់​លាស់​ទេ យុវជន​ត្រូវ​បាន​គេ​ប្រើប្រាស់​ជា​ឧបករណ៍​នយោបាយ​ហើយ៖ «កាល​ណា​ដាក់​ គោលការណ៍​យុវជន​អោយ​បាន​ជាក់​លាក់​នៅ​ក្នុង​គោល​នយោបាយ​របស់​គណបក្ស ត្រង់​ចំណុច​នេះ​វា​ជា​ឱកាស​ល្អ​ដែល​ជួយ​លើក​ទឹក​ចិត្ត​យុវជន អោយ​យុវជន​មាន​ឱកាស​ក្នុង​ការ​ចូលរួម​សម្រេច​ចិត្ត។ បើ​មិន​ដូច្នេះ​ទេ គេ​នឹង​ប្រើ​យុវជន​អោយ​សម្រេច​ចិត្ត គេ​នឹង​សម្រេច​ចិត្ត​ជំនួស​យុវជន ហើយ​អ៊ីចឹង យុវជន​នឹង​មាន​អត្ថន័យ ឬក៏​ខ្លឹមសារ​ដូច​គេ​និយាយ​ថា យុវជន គឺ​ជា​ភ្នាក់ងារ​នៃ​ការ​ផ្លាស់​ប្ដូរ យុវជន​គឺ​ជា​សសរ​ទ្រូង​ដូច​ដែល​យើង​តែង​តែ​និយាយ​តៗ​គ្នា​នោះ​ទេ សំខាន់​គឺ​ដាក់​អោយ​មាន​កូតា​យុវជន​អោយ​បាន​ជាក់​លាក់ អា​ហ្នឹង​គឺ​ជា​ចំណុច​សំខាន់។ ប៉ុន្តែ តាម​អ្វី​ដែល​ខ្ញុំ​សង្កេត មិន​ទាន់​ឃើញ​មាន​គណបក្ស​នយោបាយ​ណា​មួយ​ដែល​បាន​លើក​ឡើង​យ៉ាង​ជាក់​លាក់​បែប ​នេះ​ទេ»

នៅ​ក្នុង​ការ​បោះឆ្នោត​នីតិកាល​ទី៥ នេះ នឹង​ឈាន​ចូល​មក​ដល់​នៅ​ថ្ងៃ​ទី២៨ កក្កដា ខាង​មុខ​នេះ ហើយ​ប្រជាពលរដ្ឋ​កំពុង​ទន្ទឹង​រង់ចាំ​មើល​ថា តើ​គណបក្ស​ណា​ជា​អ្នក​ឈ្នះ​ឆ្នោត? ហើយ​តើ​គណបក្ស​ដែល​នឹង​ឈ្នះ​ឆ្នោត​នោះ នឹង​ធ្វើ​អ្វី​ដូច​ដែល​ខ្លួន​បាន​សន្យា​ជាមួយ​យុវជន​ឬ​ទេ៕

 

 

 

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s