Video

ខ្មែរ | ព័ត៌មាន​ថ្មីៗ | នយោបាយ សាលា​ក្រុង​ហាម​បក្ស​នយោបាយ​ហែ​ក្បួន​តាម​មហាវិថី​មួយ​ចំនួន


ថ្ងៃ​យុទ្ធនាការ​ឃោសនា​បោះឆ្នោត ៣០​ថ្ងៃ នៅ​រាជធានី​ភ្នំពេញ អាជ្ញាធរ​រាជធានី​បាន​ហាម​គណបក្ស​នយោបាយ​ដង្ហែ​ក្បួន​តាម​មហាវិថី​មួយ​ចំនួន និង​ទី​សាធារណៈ​របស់​រដ្ឋ​សម្រាប់​បម្រើ​ការ​ឃោសនា។Anachakdara.com

 

ការ​ហាម​នេះ​ត្រូវ​គណបក្ស​នយោបាយ​មួយ​ចំនួន​យល់​ស្រប គណបក្ស​មួយ​ចំនួន​ចោទ​ថា​ជា​ការ​រឹតត្បិត​សិទ្ធិ​នៃ​ការ​ឃោសនា​រក​សំឡេង​ឆ្នោត។

អគ្គលេខាធិការ​គណបក្ស​ហ៊្វុនស៊ិនប៉ិច លោក ញឹក ប៊ុនឆៃ ថ្លែង​នៅ​ព្រឹក​ថ្ងៃ​ទី២៨ ខែ​មិថុនា ឆ្នាំ​២០១៣ ថា លោក​មិន​ទទួល​បាន​ការ​ណែនាំ​នោះ​ទេ ប៉ុន្តែ​បើ​សិន​ជា​មាន​បំរាម​ច្រើន​ពេក នាំ​ឲ្យ​ប៉ះពាល់​ដល់​សិទ្ធិ​នៃ​ការ​ឃោសនា​ដែរ៖ «ការ​ឃោសនា​ត្រូវ​តែ​បើក​ទូលាយ​ឲ្យ​បាន​ចូល​ឃោសនា​គ្រប់​កន្លែង​ទាំងអស់»

បំភ្លឺ​តប​ការ​លើក​ឡើង​នោះ អគ្គលេខាធិការ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត លោក ទេព នីថា ថ្លែង​ថា គ.ជ.ប មិន​បាន​ចេញ​បំរាម​ឃោសនា​តាម​ទី​សាធារណៈ និង​តាម​ដង​ផ្លូវ​ទេ គឺ​សាលា​រាជធានី​ភ្នំពេញ ចង់​រក្សា​សណ្ដាប់ធ្នាប់ និង​ចរាចរ​ក្នុង​ទីក្រុង​ងាយ​ស្រួល​ធ្វើ​ដំណើរ។

បេក្ខជន​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ លោក ហូរ វណ្ណ ថ្លែង​ថា បំរាម​របស់​សាលា​រាជធានី​ភ្នំពេញ ហាម​គ្រប់​គណបក្ស​នយោបាយ​ហែ​ក្បួន​តាម​មហាវិថី​នានា ដូចជា​មហាវិថី​សហព័ន្ធ​រុស្សី ព្រះមុនីវង្ស ព្រះនរោត្ដម ម៉ៅសេទុង ជុំវិញ​ព្រះបរមរាជវាំង វិមានឯករាជ្យ ជាដើម និង​នៅ​ជុំវិញ​ផ្សារ​នានា។ គណបក្ស​សង្គ្រោះ​ជាតិ មិន​ជំទាស់​ទេ ព្រោះ​ក្បួន​ហែ​អាច​ប៉ះពាល់​ចរាចរ​ជាដើម ប៉ុន្តែ​ទី​សាធារណៈ​របស់​រដ្ឋ​ដែល​បាន​ហាម​គណបក្ស​ដទៃ​មិន​ឲ្យ​ឃោសនា បែរ​ជា​ផ្តល់​ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា ឃោសនា​បាន ទើប​គណបក្ស​សង្គ្រោះ​ជាតិ យល់​ថា​បំរាម​នោះ​បាន​រើសអើង​សម្រាប់​គណបក្ស​នយោបាយ​មួយ​ចំនួន។

លោក ហូរ វណ្ណ៖ «យើង​ដាក់​សុំ​ទីតាំង​មួយ​ចំនួន គាត់​អត់​ឲ្យ​ទេ ដូចជា​រង្វង់​មូល​កាំកូ មុខ​វត្ត​បទុមវតី រង្វង់​មូល​ចោមចៅ ស្ពាន​អាកាស​នៅ​ជិត​ពេទ្យ​លោក​សង្ឃ គឺ​ខាង​សាលា​ក្រុង​បដិសេធ​ទាំងអស់​ថា មិន​អាច​ផ្តល់​ជូន​គណបក្ស​សង្គ្រោះ​ជាតិ បាន​ទេ ដោយសារ​ទីតាំង​នោះ​ចង្អៀត តែ​បើ​យើង​មើល​ការ​ជាក់ស្តែង​ទៅ​វិញ ទីតាំង​ទាំង ៥​នោះ ឥឡូវ​នេះ​គណបក្ស​ប្រជាជន កំពុង​តែ​សង់​រោង ហើយ​កំពុង​តែ​ធ្វើ​យុទ្ធនាការ​ឃោសនា​នៅ​ទីតាំង​ទាំង​នោះ។ ដូច្នេះ​ឃើញ​ថា មាន​ការ​លម្អៀង​មាន​ការ​រើសអើង មិន​ស្មើ​គ្នា​ក្នុង​ការ​ទទួល​បាន​ទីតាំង​សម្រាប់​ឃោសនា»

អនុប្រធាន​គណបក្ស​សាធារណរដ្ឋ​ប្រជាធិបតេយ្យ លោក ចាន់ យ៉េត ថ្លែង​ថា ដោយសារ​តែ​មាន​បំរាម​មិន​ឲ្យ​ហែ និង​ឃោសនា​ទីនេះ​ទីនោះ ផ្លូវ​នេះ​ផ្លូវ​នោះ ទើប​គណបក្ស​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​សុំ​ច្បាប់ និង​សុំ​ការ​អនុញ្ញាត​ជា​មុន តើ​កន្លែង​ណា​ដែល​គណៈកម្មការ​រៀបចំ​ការ​បោះឆ្នោត​រាជធានី អនុញ្ញាត​បាន និង​មិន​ប៉ះពាល់​សណ្ដាប់ធ្នាប់​សាធារណៈ។

តំណាង​គណបក្ស​ប្រជាជន​កម្ពុជា លោក អ៊ក គឹមហាន ថ្លែង​ថា គណបក្ស​ប្រជាជន​កម្ពុជា គោរព​តាម​ការ​ណែនាំ​ជានិច្ច។

ប្រធាន​គណបក្ស​សញ្ជាតិ​កម្ពុជា លោក សេង សុខេង ថ្លែង​ថា គណបក្ស​នេះ​នឹង​ឃោសនា​នៅ​ភ្នំពេញ​ក្នុង​ថ្ងៃ​ទី៣០ ខែ​មិថុនា ប៉ុន្តែ​ដើរ​ចែក​ខិត្តប័ណ្ណ​ឃោសនា​គ្រប់​ច្រកល្ហក បង្ការ​បញ្ហា​កកស្ទះ​ចរាចរណ៍​នោះ។

ប្រធាន​គណបក្ស​ខ្មែរ​អភិវឌ្ឍន៍​សេដ្ឋកិច្ច លោក ហួន រាជចំរើន ថ្លែង​ថា គណបក្ស​នេះ​នឹង​ឃោសនា​នៅ​ភ្នំពេញ​នា​ថ្ងៃ​ទី៥ ខែ​កក្កដា។ ប៉ុន្តែ បំរាម​ហែ​តាម​ផ្សារ គណបក្ស​នេះ​មាន​ការ​សោកស្ដាយ។ តែ​រៀបចំ​មនុស្ស​ដើរ​ចូល​ឃោសនា​ក្នុង​ផ្សារ​នានា ១០​នាក់ ដើម្បី​ចែក​ខិត្តប័ណ្ណ​គណបក្ស​ឲ្យ​ប្រជាពលរដ្ឋ​ស្គាល់ និង​បោះឆ្នោត​ជូន​គណបក្ស​ខ្មែរ​អភិវឌ្ឍន៍​សេដ្ឋកិច្ច។

ប្រធាន​គណបក្ស​ខ្មែរ​ឈប់​ក្រ លោក ក្រវ៉ាញ ដារ៉ន ថ្លែង​ថា មិន​មាន​ការ​ហែ​ក្បួន​ឃោសនា​ធំ​ទេ តែ​ដើរ​ចែក​ខិត្តប័ណ្ណ​ដែរ។

ឆ្លើយ​តប​ចម្ងល់​ទាំង​នោះ ប្រធាន​គណៈកម្មការ​រៀបចំ​ការ​បោះឆ្នោត​រាជធានី​ភ្នំពេញ លោក លន់ ឆេងកៃ ថ្លែង​ថា មហាវិថី​មិន​អាច​ហែ​ក្បួន​គណបក្ស​តាម​បណ្តោយ​ផ្លូវ តែ​អាច​ហែ​ឆ្លង​កាត់​ទទឹង​បាន។ ចំណែក​ទី​សាធារណៈ​របស់​រដ្ឋ​ដែល​ហាម​ឃោសនា មាន​ដូចជា ទី​វាល​ព្រះមេរុ ទីធ្លា​ព្រះបរមរាជវាំង ទីធ្លា​ក្បែរ​រូប​សំណាក​លោកតា ក្រម ង៉ុយ លោក​យាយ ពេញ សួន​ក្បែរ​វិមាន​ឯករាជ្យ​ជាដើម តែ​បាន​អនុញ្ញាត​ឲ្យ​រៀបចំ​នៅ​ទីធ្លា​ខាង​ត្បូង​ព្រះបរមរាជវាំង​ដែរ។

ប្រធាន​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ លោក ខឹម វាសនា ថ្លែង​ថា មន្ត្រី​រាជ​រដ្ឋាភិបាល​រក​វិធី​គ្រប់​បែប​យ៉ាង ដើម្បី​ខ្ទប់​សកម្មភាព​គណបក្ស​ដទៃ​មិន​ឲ្យ​ម្ចាស់​ឆ្នោត​បាន​ឃើញ ហើយ​ថ្លឹងថ្លែង​សន្លឹក​ឆ្នោត​ដែល​បោះ​ជូន​គណបក្ស​នយោបាយ​ឲ្យ​ដឹកនាំ​រាជ​ រដ្ឋាភិបាល៕

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s